(កែប)៖ លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម «គ.ជ.ប.ទ» នាថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ ស្ដីពីមូលលដ្ឋានគ្រឹះនៃគោលការណ៍សិទ្ធិមនុស្សសម្រាប់ មន្រ្តីអនុវត្តច្បាប់ និងតួនាទីភារកិច្ចរបស់ គ.ជ.ប.ទ នៅខេត្តកែប។
ពិធីនេះក៏មានការចូលរួមពីលោក រ៉ូ ប៊ីនណៃ សមាជិក គ.ជ.ប.ទ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប តំណាងប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប លោកប្រធានពន្ធនាគារខេត្ត មន្រ្តីអនុវត្តន៍ច្បាប់ អង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធិមនុស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូប ដែលបានប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខេត្តកែប។
លោក រ៉ូ ប៊ីនណៃ បានលើកឡើងថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជាយន្តការថ្នាក់ជាតិមួយដែលមានឯករាជ្យភាពនៅពេលបំពេញមុខងាររបស់ខ្លួន។ ការត្រួតពិនិត្យជាទៀងទាត់ របស់ គ.ជ.ប.ទ ធ្វើឡើងក្នុងគោលដៅពង្រឹងការការពារជនដែលត្រូវបានដកហូតសេរីភាព ឱ្យរួចផុតពីទារុណកម្ម ឬទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងដែរថា ការសហការរៀបចំវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ជូនដល់អ្នកពាក់ព័ន្ធគ្រប់ផ្នែកក្នុងខេត្តកែប នាពេលនេះពិតជាមានសារៈសំខាន់ណាស់ ព្រមទាំងអាចទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីចូលរួមចំណែកធ្វើឱ្យការងារប្រឆាំងទារុណកម្មកាន់តែទទួលបានជោគជ័យឡើងថែមទៀត។
លើកឡើងនាឱកាសនោះដែរ លោក នុត សាអាន បានថ្លែងអំណរគុណ ដល់ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស លោកអភិបាលខេត្តកែប ដែលបានសហការសម្របសម្រួលជួយរៀបចំវគ្គនាពេលនេះ។ លោកក៏បានរៀបរាប់អំពីសាវតានៃការកកើត គ.ជ.ប.ទ បញ្ហាប្រឈមរបស់ គ.ជ.ប.ទ និងមន្រ្តីអនុវត្តច្បាប់។
លោកបន្តទៀតថា មន្រី្តប្រតិបត្តិច្បាប់ ត្រូវអនុវត្តភារកិច្ចខ្លួនឱ្យស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន សំដៅការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សអាចប្រើប្រាស់កម្លាំង បានតែក្នុងករណីចំបាច់បំផុតសមហេតុផល ដើម្បីទប់ស្កាត់បទល្មើស មិនឱ្យប្រព្រឹត្តិការញុះញុង ឬបណ្តោយឲ្យមានការធ្វើទារុណកម្ម ឬប្រព្រឹត្តិកម្ម ឬដាក់ទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក ឬយកបទបញ្ជាថ្នាក់លើមកធ្វើជាលេសឡើយ។ ត្រូវធានាឱ្យបាននូវការការពារពេញលេញដល់សុខភាព របស់ជនដែលស្ថិតក្នុងការឃុំឃាំងរបស់ខ្លួន ជាពិសេសត្រូវចាត់វិធានការភ្លាមៗតាមការចាំបាច់ ដើម្បីធានាបង្ការ និងឈានដល់ការលុបបំបាត់ទាំងស្រុងនូវអំពើទារុណកម្ម ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា៕