(សៀមរាប)៖ ក្នុងដំណើរចុះបំពេញបេសកកម្មនៃមន្ទីរពេទ្យMackay និងធនាគារ UCB តាមរយៈអង្គការក្លឹប Rotary Angkor បានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ នៅឃុំដានរុន ស្រុកសូទ្រនិគម ,ឃុំសសរស្តម្ភ ស្រុកពួក និងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយឥតគិតថ្លៃ ក្នុងរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការពិនិត្យ និងព្យាបាលអ្នកជម្ងឺទូទៅ ដល់ប្រជាពលរដ្ឋចំនួន ៦៥០នាក់ និងផ្តល់អំណោយដល់គ្រួសារក្រីក្រ បានចំនួន ៣០០គ្រួសារផង។
ក្នុងនោះដែរអាជ្ញាធរស្រុកទាំងបី ក៏បានធ្វើការថ្លែងអំណរគុណនូវទឹកចិត្តដ៏មនុស្សធម៌របស់មន្ទីរពេទ្យ Mackay និងធនាគារ UCB ក៏ដូចអង្គការក្លឹប Rotary Angkor ដែលតែងបានចូលរួមក្នុងការដោះស្រាយនូវទុក្ខលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងការផ្តល់នូវស្បៀងអាហារ សម្ភារៈបរិក្ខាពេទ្យ ការយកចិត្តទុកដាក់អំពីសុខភាព អនាម័យ បរិស្ថាន របស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ម៉្យាងទៀតបញ្ហាសុខភាព គឺជាកត្តាចំបងសម្រាប់យើងគ្រប់ៗគ្នា ហើយការពិនិត្យសុខភាព និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលនេះ គឺជាការបញ្ជាក់នូវទឹកចិត្តសប្បុរសធម៌របស់ក្រុមគ្រូពេទ្យប្រទេសចិន ដោយមិនមែនការរើសអើង ជាតិសាសន៍ឬនិន្នាការនយោបាយអ្វីឡើយ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជំនាញល្អៗ មកពិនិត្យសុខភាព និងព្យាបាលជម្ងឺជូនបងប្អូន ព្រមទាំងបានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងត្រូវបង្ការថែរក្សាចំពោះសុខភាព ដើម្បីទប់ស្កាត់កុំឲ្យឆ្លងជម្ងឺផ្សេងៗយាយីមកលើកូនចៅ និងក្រុមគ្រួសារខ្លួន ជាសំខាន់នៅក្នុងរដូវវស្សានេះ ត្រូវធ្វើអនាម័យ បរិស្ថាននៅក្នុងភូមិឋាន និងបំបាត់នូវទីជម្រកសត្វមូសខ្លា ដោយមានការរស់នៅឲ្យបានស្អាតជានិច្ច ដើម្បីបង្ការចៀសឆ្ងាយពីជម្ងឺរាគ រុស និងគ្រុនចាញ់ គ្រុនឈាមជាដើម។
លោកវេជ្ជបណ្ឌិត Hwang Wei Der ប្រធានប្រតិភូនៃមន្ទីរពេទ្យ Mackay បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍នេះបានលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាល្អរវាងកម្ពុជា-ចិន សំខាន់រវាងប្រជាជនចិន និងប្រជាពលរដ្ឋខេត្តសៀមរាប កាន់តែនៅជិតស្និទផងដែរ។ នេះជាលើកទី៦ហើយរបស់ក្រុមគ្រូពេទ្យ Mackay ក្នុងទឹកចិត្តមនុស្សធម៌ ចុះមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋកម្ពុជា នៅខេត្តសៀមរាប តាមតំបន់ជនបទ ព្រមទាំងផ្តល់ស្បៀងដល់ គ្រួសារក្រីក្រទៀតផងដែរ។
លោកបានបញ្ជាក់ថា កម្ពុជា និងប្រទេសចិន មានទំនាក់ទំនងសហប្រតិបត្តិការនឹងគ្នា ជាង១ពាន់ឆ្នាំមកហើយរហូតមកដល់បច្ចុប្បន្ននេះ ដោយបានធ្វើឲ្យកិច្ចសហប្រតិបត្តិការជាមិត្តភាពនេះកាន់តែរឹងមាំ រវាងរដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរកាន់តែនៅជាប់គ្នាជានិច្ច៕