(កំពង់ធំ)៖ ស្របពេលដែលប្រព័ន្ធសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូងសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃលើព្រះរាជាណាចក្រកម្ពុជា នឹងភាគកណ្តាលនៃអាងទន្លេមេគង្គ និងបណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងនោះបានធ្វើឲ្យទឹកស្ទឹងសែនដែលហូរកាត់ខេត្តព្រះវិហារកំពង់ធំ មានសន្ទុះកើនឡើងយ៉ាងគំហុកបានធ្វើ ឱ្យលិចលង់ផលដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅរសៀលថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២៤លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពផ្លូវ និងការលេចលង់ស្រូវប្រដេញទឹកនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្រោយពិនិត្យឃើញស្ថានភាពនៃគ្រោះមហន្តរាយនេះរួចលោក នួន ផារ័ត្ន បានសម្ដែងនៅទុកកង្វល់ជាខ្លាំងដែលស្រូវរបស់ប្រជាពលរដ្ឋទទួលរងការខូចខាតយ៉ាងច្រើន បើធៀបនឹងឆ្នាំមុន។ ប្រជាកសិករត្រូវបង្ខំចិត្តប្រមូលផលទាំងស្រូវលិចលង់ ដើម្បីទុកធ្វើជាស្រូវពូជខ្លះ ជៀសវាងខូចខាតទាំងស្រុង ព្រមទាំងបានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរស្រុក ធ្វើការវាយតម្លៃចំពោះផលប៉ះពាល់ដំណាំស្រូវ និងចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលទទួលរងការលិចដំណាំស្រូវនៅពេលនេះ ដើម្បីស្នើសុំស្រូវពូជពីប្រមុខរាជរដ្ឋាភិបាល សម្រាប់ត្រៀមចែកជូនប្រជាពលរដ្ឋបង្ករបង្កើនផលឡើងវិញបន្ទាប់ពីទឹកស្រក។
តាមការបញ្ជាក់របស់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានឲ្យដឹងថា ស្ថានភាពផលប៉ះពាល់ និងខូចខាតដោយជំនន់ទឹកភ្លៀងលើដំណាំស្រូវ៖ ផលប៉ះពាល់ដោយ ជំនន់ទឹកភ្លៀងលើដំណាំស្រូវស្រាល ដើមរដូវ លើផ្ទៃដីសរុបចំនួន ៣៣៦ ហិកតា លើ ០៣ស្រុក ០៦ឃុំ ១៤ភូមិ ស្មើ២៥៩គ្រួសារ ក្នុងនោះខូចខាតស្រូវ ដំណាក់កាលទុំ ជិតប្រមូលចំនួន ៨៨ ហិកតា។ ស្រុក កំពង់ស្វាយចំនួន០៣ឃុំ (ក្តីដូង កំពង់គោ ព្រៃគុយ) ចំនួន ៩ភូមិ ស្មើនឹង ២២៦ គ្រួសារ ផ្ទៃដី ផលប៉ះពាល់ចំនួន២៩៧ហិកតា ក្នុងនោះខូចខាតស្រូវ ដំណាក់កាលទុំ ជិតប្រមូលចំនួន ៨៨ ហិកតា តំបន់នេះតែងតែទទួលរងផលប៉ះពាល់ជារៀងរាល់ឆ្នាំ (កសិករដាំដុះលើកទី២)។ ស្រុកប្រាសាទសំបូរ ឃុំឈូក ចំនួន ០២ ភូមិ ស្មើ ១៥គ្រួសារ ផ្ទៃដីប៉ះពាល់ចំនួន២០ ហិកតា។ ក្រុងស្ទឹងសែន ចំនួន ០២ សង្កាត់ (ដំរីជាន់ខ្លា អូរកន្ធរ) ចំនួន ០៣ ភូមិ ស្មើនឹង១៨គ្រួសារ ផ្ទៃដីប៉ះពាល់ចំនួន១៩ ហិកតា៕