(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានផ្ញើសារគោរពថ្លែងអរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេរបានសម្រេចឧបត្ថម្ភសាលារៀន ១ខ្នង ៣ជាន់ ៣០បន្ទប់ ដល់ទៅវិទ្យាល័យព្រៃព្នៅ និងបានពេញចិត្តនូវទឹកដមសំឡេងរបស់យុវសិស្ស សាយ ស៊ីណា ដែលបានច្រៀងចម្រៀងមួយបទ ក្រោមចំណងជើងថា «ស្ពានសាងស្នេហ៍» ដោយបានឧបត្ថម្ភថវិកាដល់យុវសិស្សរូបនេះ និងក្រុមគ្រួសារចំនួន ១៥,០០០ដុល្លារ។
តាមរយៈសាលិខិតរបស់លោក សួន សុម៉ាលីន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងដូចនេះថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ខ្ញុំពិតជាមានក្តីរំភើបឥតឧបមា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានពេញចិត្តនូវទឹកដមសំឡេងរបស់យុវសិស្ស សាយ ស៊ីណា ដែលជាសិស្ស រៀននៅថ្នាក់ទី ១០H នៃវិទ្យាល័យព្រែកព្នៅ ស្ថិតនៅឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដែលបានច្រៀងចម្រៀងមួយបទ ក្រោមចំណងជើងថា «ស្ពានសាងស្នេហ៍» កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម ដែលរៀបរៀងដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។
ដោយមានការពេញចិត្ត និងអាណិតស្រលាញ់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ដល់យុវសិស្ស សាយ ស៊ីណា និងក្រុមគ្រួសារចំនួន ១៥,០០០ដុល្លាសហរដ្ឋអាមេរិក ព្រមទាំង ឧបត្ថម្ភសាលារៀន១ខ្នង ៣ជាន់ ៣០បន្ទប់ ដល់ទៅវិទ្យាល័យព្រៃព្នៅ ដើម្បីបំពេញសេចក្តីត្រូវការរបស់វិទ្យាល័យ ដែលនេះគឺជាកាយវិការប្រកបដោយព្រហ្មវហារធម៌ អាណិតស្រលាញ់ ដែលសម្តេចទាំងទ្វេ តែងតែមានចំពោះប្រជាពលរដ្ឋទូទៅ ហើយក៏ជាកិត្តិយសនិងមោទនភាពបំផុតសម្រាប់យុវសិស្ស និងក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំង ស្រុកពារាំង ខេត្តព្រៃវែងផងដែរ។
នាឱកាសដ៏វិសេសវិសាលនេះ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល ខ្ញុំសូមលំឱនកាយវាចាចិត្តលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តីជ័យមង្គលបវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រី សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕