(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Truong Quang Hoai Nam អនុប្រធានគណៈកម្មការទំនាក់ទំនងខាងក្រៅរបស់គណបក្សកុម្មុយនិស្តវៀតណាម នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
នៅក្នុងឱកាសនោះភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ាន។ ភាគីទាំងពីរបានធ្វើការពិភាក្សាត្រង់ទៅត្រង់មក ស្តីពីតម្រូវការពង្រឹងសមត្ថភាពរបស់អាស៊ាន និងប្រសិទ្ធភាពរបស់ស្ថាប័ន ដើម្បីផ្តល់នូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៅក្នុងតំបន់។
នៅព្រឹកថ្ងៃដដែលនេះលោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទស្សនកិច្ចទៅប្រទេសកម្ពុជានាពេលថ្មីៗរបស់លោកសាស្ត្រាចារ្យ ការបង្កើតមហាវិទ្យាល័យរដ្ឋាភិបាលរបស់ ERIA ព្រមទាំងបានស្វែងរកវិធីដែលអាចធ្វើទៅបាន ដែល ERIA អាចចូលរួមចំណែកបន្ថែមទៀតដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចខាងក្រៅរបស់អាស៊ានជាដើម។
ដោយឡែកនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាបាយការងារដែលរៀបចំដោយ លោកស្រី Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន រួមទាំងសមិទ្ធផលដែលអាចសម្រេចបាននៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយចិន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាចុងខែកក្កដានេះ។
លោកបណ្ឌិត កៅ គឹមហួន ក៏បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Jiji Press របស់ជប៉ុន ។ នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានលើកឡើងអំពីចំណុចអាទិភាពសំខាន់ៗមួយចំនួន ដែលនឹងយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅពេលខាងមុខ រួមមាន ការតភ្ជាប់ និងសន្តិសុខថ្នាក់តំបន់ ព្រមទាំងការអភិវឌ្ឍដោយចីរភាពប្រកបដោយបិរយាប័្ននជាដើម។
លោកបណ្ឌិត ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពស្តីពីវឌ្ឍនភាពរបស់ប្រទេសទីម័រខាងកើត ឆ្ពោះទៅកាន់សមាជិកភាពពេញសិទ្ធិរបស់អាស៊ាន ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសនេះ ក៏ដូចជា ការគាំទ្រការសមាជិកអាស៊ានចំពោះដំណើរការសមាហរណកម្មរបស់ទីម័រខាងកើត។
នៅរសៀលនេះដែរលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Radio Television Hong Kong របស់ជប៉ុន។ នៅក្នុងឱកាសនោះ លោក បានរំលេចនូវកិច្ចការមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍថ្នាក់តំបន់ ជាពិសេសនៅក្រោមក្របខណ្ឌនៃទំនាក់ទំនងអាស៊ាន-ហុងកុង សាធារណរដ្ឋប្រជាមានិតចិនឮ។ កិច្ចសម្ភាសន៍ក៏បាននិយាយពីគោលដៅ និងសមិទ្ធផលរបស់អាស៊ាន ក៏ដូចជា កិច្ចសហការដែលអាចធ្វើទៅបាន រវាងអាស៊ាន និងទីក្រុងហុងកុង៕