(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះបានផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងប្រទេសទាំងពីរ។
ទេសរដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ចំពោះលោក Anatoly Borovik និងសហការី និងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន៨ ក្នុងចំណោម៩ និងការស្វាគមន៍វត្តមានរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ជាដើម។
ក្នុងកិច្ចជំនួបនេះលោក Anatoly Borovik បានថ្លែងអំណរគុណទេសរដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក និងសហការីបានចូលជួបពិភាក្សាការងារ និងបានកោតសរសើរប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យមានវត្តមានរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា និង OHCHR នៅកម្ពុជា ព្រមទាំងមានវត្តមានអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដ៏ច្រើនសន្ធឹកសន្ធាប់។ កត្តាទាំងនេះ គឺជាសក្ខីកម្មដែលបានឆ្លុះបញ្ចាំងពីការបើកចំហរបស់ប្រទេសកម្ពុជាលើវិស័យសិទ្ធិមនុស្ស។
ទន្ទឹមនឹងនេះ លោកបានលើកឡើងពីគម្រោងទស្សនកិច្ចរបស់លោកស្រីបណ្ឌិត Tatiana Moskalkova ឧត្តមស្នងការសិទ្ធិមនុស្សរបស់សហព័ន្ធរុស្ស៊ី មកប្រទេសកម្ពុជា និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកម្ពុជា លើវិស័យសិទ្ធិមនុស្សនឹងកាន់តែប្រសើរឡើងដោយឈរលើគោលការណ៍ឯករាជ្យភាព អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ។
បន្ថែមពីនេះ លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីការយកចិត្តទុកដាក់លើការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅសហព័ន្ធរុស្ស៊ី ជាពិសេស ចំពោះសិទ្ធិកុមារ។
ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានធ្វើការវាយតម្លៃខ្ពស់ចំពោះការគូសបញ្ជាក់របស់ឯកអគ្គរដ្ឋទូត លើគោលការណ៍ដែលបានលើកឡើង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកម្ពុជាលើវិស័យសិទ្ធិមនុស្ស និងការលើកកម្ពស់និងការការពារសិទ្ធិកុមាររបស់សហព័ន្ធរុស្ស៊ី៕