(ក្រចេះ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះពិនិត្យស្ថានភាពការងារ និងវឌ្ឍនភាពនៃការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង មន្ទីរពេទ្យបង្អែកខេត្ដក្រចេះ និងមណ្ឌលសុខភាពថ្មគ្រែ។
ការចុះមកពិនិត្យស្ថានភាព ក៏ដូចជាវឌ្ឍនភាពនៅតាមមូលដ្ឋានសុខាភិបាលនេះ ក៏មានការអញ្ជើញចូលរួមពី លោក វ៉ា ថន អភិបាលខេត្ដក្រចេះ និងថ្នាក់ដឹកនាំក្រសួងសុខាភិបាលជាច្រើនរូបទៀតផងដែរ។
សម្រាប់ការចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានសុខាភិបាលខាងលើនេះ គឺជាផ្នែកមួយនៃការបំពេញនូវបេសកកម្ម ដែលបានដាក់ចេញកាលពីកន្លងមក ដែលត្រូវចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងទៅដល់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស ដែលមានតាំងពីដើមអាណត្ដិមក ជាពិសេសដោយពេលនេះមានភ្លៀងធ្លាក់ខ្លាំង ដែលកាន់តែចាំបាច់បំផុតក្នុងការទទួលបានការយកចិត្ដទុកដាក់ពីក្រសួងទៅលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ។ដូចនេះការចុះមកតំបន់នេះ ដែលមានភ្លៀងធ្លាក់ខ្លាំង ដើម្បីពិនិត្យស្ថានភាពការងាររបស់មូលដ្ឋានសុខាភិបាលផង និងជួយពង្រឹងការផ្ដល់សេវាផង ព្រោះវាអាចមានជំងឺផ្សេងៗដូចជាជំងឺគ្រុនឈាម និងផ្ដាសាយបក្សីជាដើម។
ជាពិសេសទៅទៀត ការចុះមកនេះ គឺដើម្បីតាមដានផ្ទៀងផ្ទាត់ការងារ ដែលបានចាប់ផ្ដើមជិតមួយឆ្នាំកន្លងមក ក្នុងឱកាសលោកសាស្ដ្រាចារ្យ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល ហើយកន្លងមកនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានបបណ្ដុះបណ្ដាលដល់មន្ដ្រីក្រោមឱវាទ ដោយបានបង្រៀន ឬធ្វើបឋកថាស្ដីពី «ភាពជាអ្នកដឹកនំា និងនវានុវត្តន៍» ដើម្បីលំអរស្ថាប័ន ដែលនេះជាការចុះស្វែងយល់ពីស្ថានភាព និងផ្ទៀងផ្ទាត់ប្រសិទ្ធភាពការងារ ដែលក្រសួងបានចេញគោលការណ៍ ៩ចំណុច និងចំណុចអាទិភាពចំននួន ៣ទៀត កាលពីដើមអាណត្ដិទី៧នៃរដ្ឋសភានេះ។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងថា «កាលដែលចុះមកពិនិត្យមណ្ឌលសុខភាព មន្ទីរពេទ្យស្រុក មន្ទីរពេទ្យខេត្ដ មិនមែនគ្រាន់តែជាការចុះ ក្នុងលក្ខណៈធម្មតាៗនោះទេ គឺជាការវាយតម្លៃខ្ពស់ និងជាប្រវត្ដិសាស្ដ្រនៃការមើលឃើញនូវលទ្ធផលការងាររបស់មន្ដ្រីសុខាភិបាលខេត្ដក្រចេះយើង ដែលបានខិតខំប្រឹងប្រែង ហើយនេះក៏ជាសក្ខីភាពនៃការគាំទ្ររបស់ក្រសួងសុខាភិបាល ជូនដល់មន្ដ្រីយើងនៅទីនេះ ហើយក៏ដើម្បីផ្ដល់នូវការជួយគាំទ្រផងដែរ។ លើសពីនោះ គឺការផ្ដល់ជាអនុសាសនស៍ក្នុងការកែលំអនូវចំណុចខ្វះខាតដែលមាន ក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា ក្នុងឱកាសដែលលោកសាស្ដ្រចារ្យ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការសុខាភិបាល នៅមន្ទីរសុខាភិបាលខេត្ដក្រចេះ បន្ទាប់ពីចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងាររបស់មូលដ្ឋានសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង មន្ទីរពេទ្យបង្អែកខេត្ដក្រចេះ និងមណ្ឌលសុខភាពថ្មគ្រែ។
គូររម្លឹកថា ការចុះមកពិនិត្យស្ថានភាពសុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលខាងលើនេះ មិនមែនជាលើកទី១នោះទេ គឺបានចុះជាបន្ដបន្ទាប់ ក្រោយលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងលោកសាស្ដ្រាចារ្យ ជារដ្ឋមន្ដ្រី នៅអាណត្ដិទី៧ នៃរដ្ឋសភា ។ហើយគ្រាន់តែទទួលបានសេចក្ដីទុកចិត្ដពីរាជរដ្ឋាភិបាលភ្លាម រដ្ឋមន្ដ្រីដ៏សកម្មរូបនេះ ក៏មិនបានអង្អង់យូរ គឺបានដឹកនាំមន្ដ្រីជាក្បាលម៉ាស៊ីន ចុះពិនិត្យស្ថានភាពពិតជាក់ស្ដែងនៅតាមមូលដ្ឋានសុខាភិបាលនៅតាមដងទន្លេសាប និងបន្ដចុះជាបន្ដបន្ទាប់ នៅតាមបណ្ដាខេត្ដផ្សេងទៀត ជាពិសេសគឺការចូលឆ្មក់នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងយប់ផងដែរ ដើម្បីដឹងពីការអនុវត្ដន៍ការងាររបស់មន្ដ្រីសុខាភិបាល ខណៈដែលត្រូវផ្ដល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃ ក្នុងមួយសប្ដាហ៍។
ចំពោះបេសកកម្មការងារ ដែលលោកសាស្រ្ដាចារ្យរដ្ឋមន្ដ្រី អញ្ជើញចុះនៅពេលនេះ គឺមានរយៈពេលរហូតដល់ទៅ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែកក្កដា ឆ្នាំ២០២៤ និងចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងា នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងខេត្តរតនគីរី៕