(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលរៀបចំនូវប្រាសាទព្រះគោ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកអភិបាលខេត្ត ចាត់ទុកថា សេចក្តីសុខរបស់បងប្អូន ជាក្តីប្រាថ្នា របស់អាជ្ញាធរ ថ្នាក់ដឹកនាំ ពីព្រោះថា ប្រមុខរដ្ឋាភិបាលកម្ពុជា បានផ្តល់អនុសាសន៍ដល់មន្ត្រីទាំងអស់ ធ្វើខ្លួនឲ្យត្រឹមត្រូវដើម្បីបម្រើប្រជាជន។
លោកបន្តថា «ធ្វើជាមន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរាស្ត្រឡើយ»។ លោកប្រាប់ទៅមន្ត្រីរបស់ខ្លួនឲ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ប្រជាជន។
លោកថា ភាពមិនត្រឹមត្រូវគឺ «មន្ត្រីរដ្ឋខ្លះ មិនគិតថាខ្លួនស៊ីប្រាក់ខែពីរាស្ត្រហើយ ត្រូវបម្រើរាស្ត្រនោះទេ តែតាំងខ្លួនជាចៅហ្វាយរាស្ត្រ ចំណុចជាកំហុសឆ្គង ហើយខ្វះភាពទទួលខុសត្រូវ មិនយល់ពីតួនាទី ភារកិច្ចរបស់ខ្លួន»។
សូមបញ្ជាក់ថា ប្រាសាទព្រះគោ(ស្ទឹងត្រែង) ស្ថិតនៅក្នុងប្រភេទតំបន់ទេសចរណ៏ ប្រាសាទ និងសញ្ញាសំគាល់។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃតំបន់ទេសចរណ៏ប្រាសាទព្រះគោ (ស្ទឹងត្រែង) ដែលអាចធ្វើឲ្យភ្ញៀវទេសចរមាន ចំណាប់អារម្មណ៍នោះមានដូចជា៖ មើលរចនាប្រាសាទ, ទស្សនាវត្ត និងចំណុចផ្សេងៗទៀត។
ប្រាសាទព្រះគោ ជារមណីយដ្ឋាន ប្រវត្តិសាស្ត្រ និង វប្បធម៌ហើយក៏បានកសាងឡើងប្រហែលនៅចុងសតវត្សរ៍ទី៦ ឬសតវត្សរ៍ទី៧ នៃគ្រិស្ករាជ។ ប្រាសាទព្រះគោ (ស្ទឹងត្រែង) មានទីតាំងស្ថិតនៅ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងមានចម្ងាយប្រហែល 13km ពីរង្វង់មូលថ្មី៕