(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានថ្លែងដាក់បទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវបន្តបង្ក្រាបបទល្មើសនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសបទល្មើសរក្សាទុក ចែកចាយ ជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ល្បែងសុីសងខុសច្បាប់ និងក្មេងទំនើងឱ្យមានប្រិទ្ធិភាព។
ការថ្លែងដាក់បទបញ្ជាបែបនេះ របស់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែងជូននាយទាហាននៃកងរាជអាវុធហត្ថខេត្ត នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ ជាច្រើនរូបផងដែរ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកម្លាំងកងរាជអាវុធហត្ថខេត្តទាំងអស់ ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ បានយកអស់កម្លាំងកាយចិត្តចូលរួមចំណែកការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ ស្របតាមបទបញ្ជា និងការណែនាំពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្តៃប្រទេស ក៏ដូចជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
ឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចូលរួមអបអរសាទរជាមួយនាយទាហានកងរាជអាវុធហត្ថខេត្ត ដែលទទួលបានការប្រកាសមុខតំណែងថ្មីនាពេលនេះ ជាមួយគ្នានេះលោកក៏បានណែនាំឱ្យគោរពតាមបទ បញ្ជាផ្ទៃក្នុង កងរាជអាវុធហត្ថ រក្សាឱ្យបាននូវការសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ដើម្បីឱ្យអង្គភាពកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យរបស់យើង ទទួលបានជោគជ័យថ្មីៗថែមទៀត៕