(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Moon Jung CHOI នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសគាំទ្រលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។
ថ្លែងទៅកាន់អង្គពិធីនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ពីភាពសំខាន់នៃការអនុវត្តគម្រោងនាពេលនេះដែលពិតជាឆ្លើយតបទាន់ពេលវេលានឹងគោលនយោយបាយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួង ក្នុងការធ្វើបរិវត្តកម្មការបណ្តុះ បណ្តាលជំនាញបច្ចេកទេស ដែលជារបៀបវារៈ និងជាគោលដៅចម្បងបំផុតមួយក្នុងការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្មឈានទៅ ឧស្សាហកម្មផ្អែកលើជំនាញក្នុងគោលបំណងឆ្លើយតបទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននិងទៅអនាគត។
លោករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីឱ្យសិក្ខាកាម និងសិស្សនិស្សិត មានសមត្ថភាពខ្ពស់ក្នុងវិស័យបច្ចេកវិទ្យា សាលាបច្ចេកទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង នឹងដាក់បញ្ចូលការសិក្សាពីបច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលជំនាញទាំងអស់។
ចំពោះលោករដ្ឋមន្ត្រី គម្រោងនៃកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា ក៏ស្របទៅតាមទិសគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ដែលផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថលផងដែរ។
ជាមួយគ្នានេះ លោកស្រី Moon Jung CHOI នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា បានប្តេជ្ញាចិត្តក្នុងការចូលរួមអនុវត្តគម្រោងដ៏មានសារសំខាន់នេះ ឱ្យមានភាពជោគជ័យដើម្បីឱ្យពលរដ្ឋកម្ពុជា និងពលករមានសមត្ថភាពនិងចំណេះជំនាញក្នុងវិស័យបច្ចេកវិទ្យាក្នុងគោលបំណងឆ្លើយតបទៅតាមតម្រូវការទីផ្សារដែលកំពុងត្រូវការខ្ពស់។ សម្រាប់លោកស្រី វិស័យបច្ចេកវិទ្យា បានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាគ្រឹះក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិ។
យ៉ាងណាក៏ដោយ លោកស្រីប្រធានKOICA រំពឹងថាគម្រោងដែលដាក់ឱ្យអនុវត្តនាពេលនេះ នឹងក្លាយជាធាតុដ៏សំខាន់មួយបន្ថែមទៀតក្នុងការជួយជ្រោមជ្រែងទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូងឱ្យកាន់តែស្អិតរមួតបន្ថែមទៀតផងដែរ៕