(បាងកក)៖ ស្របតាមស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ លើកទី៣ ភាគីកម្ពុជានិងភាគីថៃបានឯកភាពលើកិច្ចការជាច្រើន ដើម្បីបន្តជំរុញរំហូរទេសចរទៅមកប្រទេសទាំង២ និងទេសចរនៃប្រទេសទី៣។

ការឯកភាពនេះធ្វើឡើងក្នុងឱកាសលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ លើកទី៣ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤ និងបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយសហប្រធានទាំងពីរ មានលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោក សិម្ហស័ក្តិ ពង្សពាណិជ្ជ (Sermsak Pongpanich) រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃ។

កិច្ចប្រជុំនេះបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ ១-ពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកទស្សនៈនានាស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ប្រទេសទាំងពីរ និង២-ធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ២០២៣-២០២៥ សំដៅបន្តពង្រឹងការអនុវត្តកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីរវាងប្រទេសទាំងពីរ ស្របតាមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរនាពេលកន្លងមក។

អង្គប្រជុំបានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ ២០២៣-២០២៥ និងការធ្វើបច្ចុប្បន្នភាពលើសកម្មភាពរួមមួយចំនួន ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៥ រួមមាន៖
១. ការសម្រួលការធ្វើដំណើរ និងឆ្លងកាត់ព្រំដែន ដោយភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនជូនទេសចរនៃប្រទេសទាំងពីរ និងទេសចរមកពីប្រទេសទីបី។
២. យុទ្ធនាការផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា «ព្រះរាជាណាចក្រពីរ គោលដៅមួយ» ដោយភាគីទាំងពីរបានពិភាក្សាលើការផ្សព្វផ្សាយរួមគ្នា ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (Familiarization Trip) ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា និងការជំរុញការចូលរួមក្នុងព្រឹតិ្តការណ៍ទេសចរណ៍ដែលរៀបចំដោយប្រទេសនីមួយៗ។
៣. ការអភិវឌ្ឍធនធានមនុស្ស ដោយភាគីទាំងពីរបានពិភាក្សាលើការជំរុញការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់អ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងការបម្លាស់ទីអ្នកជំនាញទេសចរណ៍អាស៊ានខណៈដែលប្រទេសទាំងពីរជាប្រទេសឆ្នើមក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។
៤. ការជំរុញអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព ដោយភាគីទាំងពីរបានឯកភាពបន្តជំរុញរួមគ្នាអនុវត្តស្តង់ដាសម្រាប់សេវាកម្មទេសចរណ៍នានា
៥. ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ ដោយភាគីទាំងពីរឯកភាពបន្តពង្រឹងការចែករំលែកព័ត៌មាន និងសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក អ៉ិត វិជិត នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានដឹកនាំក្រុមការងារចូលជួបពិភាក្សាជាមួយអាជ្ញាធរទេសចរណ៍ថៃ (TAT) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងរំហូរទេសចររវាងប្រទេសទាំងពីរ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃលើកទី៣នេះ បានប្រព្រឹត្តទៅប្រកប ដោយភាពជោគជ័យក្នុងស្មារតីសាមគ្គីភាព និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ និងការអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាពសំដៅជំរុញរំហូរទេសចររវាងប្រទេសទាំងពីរ និងរំហូរទេសចរពីប្រទេសទី៣មកកាន់ប្រទេសទាំងពីរ ដោយមានការចូលរួមគ្រប់ផ្នែកពាក់ព័ន្ធ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន និងរួមចំណែកសម្រេចនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត «បង្កើន៥ និងអភិវឌ្ឍ៣» ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន៕