(ភ្នំពេញ)៖ សាស្ត្រាចារ្យបង្រៀននៅតាមសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ការពន្លឿនការស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលនឹងបើកការដ្ឋានស្ថាបនា នាខែក្រោយនេះ បានបង្ហាញពីភាពវៃឆ្លាតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង។
លោកសាស្ត្រាចារ្យ ភាន មករា បង្រៀននៅសាកលវិទ្យាល័យព្រះសីហមុនីរាជា បានថ្លែងថា ព្រែកជីកហ្វូណនតេជោ ពិតជាមានសារសំខាន់ខ្លាំងណាស់ នៅពេលស្ថាបនារួចរាល់ ព្រោះអាចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈវិស័យចំនួន៣ ត្រូវបានមើលឃើញថា មានសក្ដានុពលខ្លាំងជាងគេ ដែលក្នុងនោះមានវិស័យពាណិជ្ជកម្ម កសិកម្ម និងវិស័យទេសចរណ៍។
លោកសាស្ត្រាចារ្យ បានអបអរសាទរចំពោះការបើកការដ្ឋាននៅខែក្រោយ បន្ទាប់ពីបានគិតគូរគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ហើយជាពេលវេលាដ៏ស័ក្តិសមបំផុត ដែលកម្ពុជាគួរអនុវត្តគម្រោងនេះ ព្រោះកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ។
ចំណែក ព្រះគ្រូឃោសានុរមុនី ហូយ សំណាង សាស្ត្រាចារ្យបង្រៀនក្នុងសាកលវិទ្យាល័យព្រះសីហមុនីរាជាដែរនោះ បានមានថេរដីកាថា ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានបង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាល ដែលមានចក្ខុវែងឆ្ងាយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ព្រះគុណម្ចាស់ បានបន្ថែមថា ចំពោះគម្រោងនេះ ត្រូវតែមានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋទាំងអស់ ព្រោះជាគម្រោងរបស់ជាតិ ហើយមិនគួរមានចិត្តអវិជ្ជមាន លើការជីកព្រែកជីកហ្វូណនតេជោ ដោយគម្រោងនេះ មានអត្ថប្រយោជន៍ដ៏ច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជន ហើយតជំនាន់យូរអង្វែង។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាង ផ្លូវទឹកនេះ៕