(កំពត)៖ ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំលោកស្រី អ៊ូ ស៊ីថា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងលោកកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សហការជាមួយ រដ្ឋបាលខេត្តកំពត មន្ទីរជំនាញ ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដែលដឹកនាំដោយលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ចូលរួមក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋនៅខេត្តកំពត។
ក្នុងវេទិកាដែលបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកំពត។
នាឱកាសបើកវេទិកាខាងលើលោកស្រី អ៊ូ ស៊ីថា បានពាំនាំនូវការកោតសរសើរពីសំណាក់លោកកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យិនទៀង ចំពោះលោក ម៉ៅ ធនិន ដែលតែងតែដោះស្រាយរកភាពយុត្តិធម៌ ជូនប្រជាពលរដ្ឋមិនថាមាន ឬក្រ ឋានៈតូចឬធំ ហើយការដោះស្រាយលើសំណុំរឿងមួយចំនួនគឺមានភាពល្អប្រសើរជាងប្រព័ន្ធតុលាការ។
ជាមួយគ្នានេះលោកស្រី អ៊ូ ស៊ីថា បានវាយតម្លៃខ្ពស់នូវគុណសម្បត្តិរបស់លោកអភិបាលខេត្ត ជាអភិបាលខេត្តដំបូងបង្អស់ ដែលមានភាពក្លាហានប្រឈមក្នុងការដោះស្រាយទំនាស់ដីធ្លី ដែលជាបញ្ហាស្មុគស្មាញ ហើយធ្វើការដោះស្រាយដោយ មិនមានការរារែក និងគេចវេស។
លោកស្រីឧបការីអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ការចូលរួមរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នាពេលនេះ ក្នុងនាមជាសេនាធិការពិសេសជូនលោកអភិបាលខេត្ត ដើម្បីសម្រេចបាននូវជោគជ័យក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
លោកស្រីបានបន្តថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក៏ពិតមែន តែការដោះស្រាយរបស់លោកអភិបាលខេត្តកំពត គឺជាការដោះស្រាយដោយផ្អែកទៅលើគោលការណ៍ច្បាប់ យុត្តធម៌ សាក្សី និងភស្តុតាង។.
គួររំលឹកថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនពលរដ្ឋនៅជុំវិញខេត្តកំពត ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ចាប់តាំងពីលោក ម៉ៅ ធនិន មកកាន់តំណែងជាអភិបាលខេត្ត ដែលគិតមកដល់ពេលនេះ សំណុំរឿងជិត ៣ពាន់ករណី ត្រូវបានដោះស្រាយ។
ការដោះស្រាយខ្លះត្រូវបានចុះទៅដោះស្រាយដល់មូលដ្ឋានក្រុង-ស្រុកផ្ទាល់ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ជាគូទំនាស់ចាស់ព្រឹទ្ធាចារ្យ អាជ្ញាធរដែនដី ពិសេសមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់លោកអភិបាលខេត្តកំពត ក៏ត្រូវបានទទួលស្គាល់ និងជំរុញឱ្យបន្តការដោះស្រាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយត្រូវបានសាទរពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងខេត្តផងដែរ។
ដោយឡែក ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រាប់ថ្ងៃនេះ រដ្ឋបាលខេត្តកំពត បានលើកយកករណីទំនាស់ចំនួន១១ករណី មកធ្វើការដោះស្រាយ ដែលអាចនឹងប្រើប្រាស់ពេលវេលាពេញមួយថ្ងៃសម្រាប់ការដោះស្រាយបញ្ចប់វិវាទ៕