(ភ្នំពេញ)៖នៅទីក្រុង ហុងកុង ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន ហាយ៉ាត់ ហូតែល និងរីសត (Hyatt Hotels & Resorts) ដើម្បីគ្រប់គ្រងសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី (Hyatt Regency hotel) នៅកណ្តាលទីក្រុងភ្នំពេញ។
នេះគឺជាសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ដំបូងបំផុតនៅកម្ពុជា នឹងត្រូវបានសាងសង់ឡើង នៅក្បែរសារមន្ទីរជាតិ និងព្រះបរមរាជវាំង ដែលជាបេះដូងនៃរាជធានីភ្នំពេញ។ ពិសេសសង្កាត់នេះសម្បូរ ទៅដោយភោជនីយដ្ឋាន ហាងកាហ្វេ សាលសិល្បៈ ដែលជាទីតាំងដ៏ល្អសម្រាប់ទេសចរជាតិ និងអន្តរជាតិ។
សណ្ឋាគារ ហាយយ៉ាត់ រីជិនស៊ី ភ្នំពេញ មានកន្លែងពិសាភេសជ្ជៈ និងភោជនីយដ្ឋាន នៅលើដំបូល ដែលមានជំនាញក្នុងការចម្អិនអាហារខ្មែរពិតៗ រង់ចាំទទួលភ្ញៀវទេសចរ និងពាណិជ្ជករ។ ពីលើដំបូលនេះ ភ្ញៀវទាំងអស់អាចទស្សនាទេសភាពដ៏ស្រស់ត្រកាល នៃព្រះបរមរាជវាំង និងទន្លេចតុមុខ ដែលនៅជិតសណ្ឋាគារ។
ក្រៅពីនេះ សណ្ឋាគារ មានសេវាកម្ម និងផ្តល់ទីតាំង សម្រាប់រៀបចំកម្មវិធីធំៗផ្សេងៗ ដោយរួមមានសាលទទួលភ្ញៀវទំហំ៦០០ម៉ែត្រការ៉េ ហាងកាហ្វេ និងកន្លែងអង្គុយពិសា ភេសជ្ជៈ និងស្តាប់ភ្លេងលំដាប់អន្តរជាតិ បន្ទប់ស្ប៉ា កន្លែងហាត់ប្រាណ និងអាងហែលទឹកនៅលើដំបូល ផងដែរ៕