(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងប្រកាសជាសាធារណៈដល់ប្រជាពលរដ្ឋរដ្ឋដែលមានបញ្ហានៅក្នុងខេត្ត ដោយលោកបើកទទួលនូវគ្រប់ សំណូមពរតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក សម្រាប់ធ្វើការដោះស្រាយ បន្ថែមលើយន្តការរដ្ឋបាលដែលមានស្រាប់។
ការថ្លែងរបស់លោកអភិបាលខេត្តឧត្តរមានជ័យបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្ត ដោយមានការចូលរួមពី លោកប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ មេបញ្ជាការឈរជើងតាមបន្ទាត់ព្រំដែន លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។
កិច្ចប្រជុំនាឱកាសនេះ លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងបញ្ជាក់ថា ទោះបីជាមាន ឬក្រ ការធានានូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ គឺជាចំណុចអាទិភាពទីមួយរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
នៅថ្ងៃនេះដែរ លោកដឹកនាំកិច្ចប្រជុំលើកដំបូងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ លោកនឹងប្រមូលផ្តុំនូវគ្រប់បញ្ហាប្រឈមដែលបានកើតមាននៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ និងព្រំដែន ដើម្បីធ្វើការដោះស្រាយជារួម ធានាឱ្យបាននូវភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ។
លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងណែនាំបន្ថែមដល់អាធ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាននៅតាម ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិនិត្យមើលបញ្ហាក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបញ្ហាផ្សេងឯទៀត ដើម្បីឱ្យការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ពិសេសត្រូវត្រួតពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងជាប្រចាំ ដើម្បីមានវិធានការជួយ សង្រ្គោះពលរដ្ឋទាន់ពេលវេលា៕