(ភ្នំពេញ)៖ ក្រសួងព័ត៌មាន សូមអំពាវនាវដល់សាធារណជន ដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗ ពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មាន តាមរយៈលេខទូរស័ព្ទ ០១៥ ៤៨៣ ២៨៣/០១២ ៤៨៨ ១៥៦ ដើម្បីក្រសួងព័ត៌មានមានវិធានការតាមនីតិវិធីច្បាប់។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្រសួងព័ត៌មាន គោរពនិងពង្រឹងសិទ្ធិទទួលព័ត៌មាន ហើយបាននិងកំពុងរៀបចំសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មាន គុណភាព ព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ, ការអនុវត្តនិងគោរពក្រម សីលធម៌វិជ្ជាជីវៈ ឲ្យបានត្រឹមត្រូវក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងនោះរួមមាន អ្នកកាសែត អ្នកផលិតមាតិកាក្នុងបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ និងអ្នករកប្រាក់តាមអនឡាញ (MMO)។
ក្រសួងព័ត៌មាន នឹងប្រកាសដាក់ឲ្យអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ រួមនិងអ្នកប្រើប្រាស់ បណ្តាញសង្គមទាំងអស់នៅកម្ពុជាគោរព និងអនុវត្តនាពេលដ៏ឆាប់ៗខាងមុខនេះ។
ដើម្បីបន្តពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជា ទប់ស្កាត់និងលុបបំបាត់ក្រុមជនខិលខូចមួយចំនួន ដែលយកអាជ្ញាបណ្ណពីក្រសួងព័ត៌មាន បានផ្តល់ជូន ទៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនផ្ទុយ ពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងផ្ទុយពីច្បាប់ស្តីពីរបប សារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តនានាដែលនៅជាធរមាន។
ក្រសួងព័ត៌មាន សូមជូនដំណឹងដល់ អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និង MMO សូមយកស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចែកចាយ ព័ត៌មានដោយសុចរិត ពិតប្រាកដ និងគោរពតាម ក្រមសីលធម៌វិជ្ជាជីវៈ ដែលមាននៅក្នុងច្បាប់ ស្តីពីរបប សារព័ត៌មាន និងសូមសាធារណជនដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នក សារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មាន ឬដាក់ពាក្យបណ្ដឹងមកក្រសួងព័ត៌មាន ដើម្បីឲ្យក្រសួងមានវិធានការតាមនីតិវិធីច្បាប់៕