(ភ្នំពេញ)៖ លោកបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកស្រី Alissa Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះកិច្ចព្រមព្រៀងលើការចាប់ផ្តើមអនុវត្ត គម្រោង «ពង្រឹងយុទ្ធសាស្ត្របៃតងតាមរយៈស្ថានីយ៍ណ្ដុះកូនឈើថ្នាក់តំបន់នៅកម្ពុជា» ដោយផ្តោតលើការកសាងផែនការមេសម្រាប់សាងសង់ស្ថានីយបណ្តុះកូនឈើចំនួន៥តំបន់ ដែលមានលក្ខណៈបន្ស៊ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ នវានុវត្តនិងទំនើបកម្មនៅខេត្តកោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និង មណ្ឌលគិរី ដោយចាប់ផ្តើមអនុវត្តសាងសង់ស្ថានីយចំនួន១កន្លែង ក្នុងក្របខ័ណ្ឌគម្រោងនេះ។
ពិធីចុះកិច្ចព្រមព្រៀងនេះបានធ្វើឡើងទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
លោកស្រី Alissa បានបញ្ជាក់ថាក្នុងនាម UNDP គឺសាទរចំពោះយុទ្ធនាការកាត់បន្ថយប្លាស្ទិក និង ការដាំឈើ ១លានដើម របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលគម្រោងនេះនឹងរួមចំណែកដ៏ធំក្នុងការបង្កើននូវគម្របព្រៃឈើឱ្យបាន៦០% និងសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កម្មអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ដៃគូអភិវឌ្ឍន៍និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រលើព្រឹត្តិការណ៍ «ពន្លកបៃតង» ដែលរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន បាននិងកំពុងតែប្រឹងប្រែងសម្រេចឱ្យបាននូវឆន្ទៈ នយោបាយរបស់កម្ពុជា និងការបង្កើតស្ថាន័យបណ្តុះកូនឈើ ការដាំកូនឈើ និងស្តារព្រៃឈើឡើងវិញ ដែលនេះគឺជាយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ធានាដល់ការការពារជីវៈចម្រុះ ការថែរក្សាសេវាកម្ម ប្រព័ន្ធអេកូឡូស៊ី និងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋានដែលរស់នៅក្នុងនិងក្បែរតំបន់ការពារធម្មជាតិ តាមរយៈការលក់ឥណទានកាបូនពីការថែរក្សាការពារព្រៃឈើនិងសកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព។