(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបុណ្យដង្ហែទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន៩ និងអាស្រមចំនួន៧ នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

ជាពុទ្ធសាសនូបត្ថម្ភក៍ និងជាអ្នកទ្រទ្រង់សាសនាប្រកបទឹកចិត្តជ្រះថ្លាជាទីបំផុត សម្តេចរដ្ឋសភាធិបតី តែងតែរៀបចំទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់តាមទីអារាមនានានៅមុនពេលបុណ្យចូលកាន់ព្រះវស្សាមកដល់។ ពិធីចូលព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវាលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានសិក្សារៀនធម៌វិន័យឲ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ ក្នុងរយ:ពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។

ឆ្លៀតនៅក្នុងឱកាសប្រារព្ធពិធីបុណ្យនេះ សម្តេចប្រធានរដ្ឋសភា បានជួបសំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋនៅស្រុកលើកដែក ប្រកបដោយក្តីរលឹកជាទីបំផុតនៅក្នុងនាមសម្តេចបានដឹកនាំក្រុមការងារចុះ ជួយពលរដ្ឋនៅស្រុកលើកដែកតំាងពីដើមរហូតមមក។ សម្តេចប្រធានរដ្ឋសភា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខជូនពលរដ្ឋពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។

ក្នុងកម្មវិធីបុណ្យដែលបានប្រារព្ធធ្វើនៅក្នុងវត្តគិរីរតនារាម ហៅវត្តកំពង់ភ្នំក្នុង ស្ថិតក្នុងឃុំកំពង់ភ្នំ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណពលរដ្ឋស្រុកលើកដែក ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលប់ កាលពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣។

សម្តេចរដ្ឋសភាធិបតី បានជម្រាបពលរដ្ឋថា ការបោះឆ្នោតឆ្នាំ២០២៣ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនិងជារបត់ថ្មីរបស់កម្ពុជាក្នុងរយៈពេល៥០០ឆ្នាំរបស់ខ្លួន ពីព្រោះជាការផ្ទេរការដឹកនាំប្រទេសដោយរលូន សន្តិវិធី គ្មានផ្ទុះសង្រ្គាម មិនដូចប្រវត្តិសាស្រ្តកន្លងមកឱ្យតែមានការផ្លាស់ប្តូរ គឺតែងតែផ្ទុះសង្រ្គាមកើតឡើង។ ពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត ហើយ៨២.០៣% ស្មើនឹង ៦.៦លាននាក់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លទ្ធផលបោះឆ្នោតបែបនេះ ទើបថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គទេសក៍ និងប្រតិបត្តិករឆ្នើមនាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិ បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រគល់ភារកិច្ចដឹកនាំប្រទេសជាតិជូនទៅឥស្សរជនជំនាន់ក្រោយមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលពោរពេញដោយថាមពល មានចំណេះដឹង សីលធម៌ខ្ពស់ និងមានចក្ខុវិស័យវែងឆ្ងាយ ដឹកនាំប្រទេសជាតិបន្ត ដើម្បីធានាការពារសុខដុមរមនាខាងសាសនា ក៏ដូចជា សុខសន្តិភាព និងការអភិវឌ្ឍ ជូនប្រជាពលរដ្ឋបានយូរអង្វែងតរៀងទៅ។

ក្នុងពិធីបុណ្យដ៏ជ្រះថ្លានេះ ព្រះសង្ឃ និងប្រជាពលរដ្ឋនៅស្រុកលើកដែក បានសម្តែងការស្វាគមន៍កក់ក្កៅជាទីបំផុតចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា ។ ប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជ្រាលជ្រៅបំផុតជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលជានិច្ចកាលបានផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយពលរដ្ឋនិងបានចាត់ទុកស្រុកលើកដែក ដូចជាស្រុកកំណើតរបស់សម្តេចផ្ទាល់នៅក្នុងនោះសម្តេចបានចូលរួមកសាង សមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋនៅក្នុងស្រុកលើកដែក ទាំងពុទ្ធចក្រនិងអាណាចក្រ។

ក្នុងពិធីដ៏សែនរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លានាព្រឹកនេះ សម្តេចបានបូជាទៀនធូប ផ្កាភ្ញី ដល់ព្រះរតនត្រ័យជាទីគោរពសក្ការៈ និងបានប្រគេនទៀនព្រះវស្សា និងទេយ្យទានជាច្រើនមុខជូនព្រះសង្ឃទំាង១៦វត្តនិងអាស្រម មានសំពត់សាដក ទឹកដោះគោ ត្រីខ ប្រេងឆា មី អំបិល សាច់ក្រក ទឹកត្រី អង្ករ និងបច្ច័យក្នុងមួយវត្ត ចំនួន២លានរៀល ដោយឡែកវត្ត គិរីរតនារាម ចំនួន១០លានរៀល និងជូនកម្លាំងប្រដាប់អាវុធមួយអង្គភាព២លានរៀល ឃុំនីមួយៗក្នុងស្រុកលើកដែក ២លានរៀល និងសាលាស្រុក២លានរៀល៕