(ភ្នំពេញ)៖ ក្រុមហ៊ុនយក្សរបស់ជប៉ុន គឺក្រុមហ៊ុន Minebea Mitsumi នឹងបើកការដ្ឋានសាងសង់រោងចក្រទី ២របស់ខ្លួន នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់នាពាក់កណ្តាលខែកញ្ញាខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ខណៈពេលដែលលោកបានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន Minebea Mitsumi Inc លោក Yoshihisa Kainuma ទាក់ទងកម្មវិធីបើកការដ្ឋានសាងសង់រោងចក្រជប៉ុន MinebeaMitsumi Inc នៅស្រុកក្រគរ ខេត្តពៅធិ៍សាត់ ។
រោងចក្រទី ២ របស់ Minebea Mitsumi ដែលនឹងគ្រោងបើករោចក្រនេះមានផ្ទៃដីប្រមាណ ៥០ហិចតា បង្កើនការវិនិយោគ និងបង្កើតការងារជាច្រើនកន្លែងដល់យុវជន យុវនារី មកបម្រើការងារនៅទីនេះ។
បើតាមការបញ្ជាក់របស់ លោក កែវ រតនៈ នាពេលកន្លងមក រោងចក្រ Minebea Mitsumi នេះ បានដកប្រតិបត្តិការខ្លះពីប្រទេសសិង្ហបុរី ដើម្បីមកវិនិយោគនៅកម្ពុជា ដោយសម្លឹងឃើញសក្ដានុពលនៃការគាំទ្រនៃការថាមពលអគ្គិសនី។ បច្ចុប្បន្នកម្ពុជាកំពុងផលិតថាមពលចេញពី ថាមពលកកើតឡើងវិញ យ៉ាងច្រើនលើសលុប ដែលធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសមួយ ដែលមានការទាក់ទាញ។
លោកបានបន្ថែមថា ជាការពិតថាមពលនេះ ត្រូវធ្វើការអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីធ្វើយ៉ាងម៉េចធានាឲ្យថ្ងៃក្រោយមិនខ្វះខាត សម្រាប់ឆ្នាំនេះកម្ពុជាបានធានាសាជាថ្មី ជាមួយក្រុមហ៊ុនរបស់ជប៉ុននេះ លើការបោះជំហានទី២ ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ថាមពលកកើតឡើងវិញនៅទីនេះ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាគឺ ថាមពលចេញពីពន្លឺព្រះអាទិត្យ នឹងក្លាយជាជន្ទល់មួយ នៃការធ្វើឲ្យរោងចក្រនេះ មានដំណើរការបន្ថែមលើទឹកដីកម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុន Minebea Cambodia Co. Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi ក្រុមហ៊ុននេះបានបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១១ ក្រោមទុនវិនិយោគដំបូងត្រឹមតែ ២៣លានដុល្លារ។
គិតត្រឹមឆ្នាំ ២០២២ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន ៦ ៦៣០ នាក់ អង្គភាពអាជីវកម្មចំនួន ១៤ និងទុនវិនិយោគចំនួន ៦១៤ លានដុល្លារអាមេរិក៕