(ភ្នំពេញ)៖ តាមរបាយការណ៍របស់ក្រសួងព័ត៌មាន ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» មាន៧៩,៨% នៃអ្នកសារព័ត៌មានដែលត្រូវបានសម្ភាសនិយាយថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ហើយចំនួន៨១,៨% បានឯកភាពថាការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ពិតជាមានសារសំខាន់។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា ភាពស្មោះត្រង់ និងការគោរពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ត្រូវបានគាំពារដោយច្បាប់ ហើយច្បាប់ស្តីពីរបបសារព័ត៌មាន មិនអាចការពារបានចំពោះអ្នកផ្សាយដោយមិនគោរពក្រមសីលធម៌ និងច្បាប់ទេ ហើយការផ្សាយព័ត៌មានដែលត្រឹមត្រូវស្របតាមវិជ្ជាជីវៈ គឺមិនមែនជាការផ្សាយព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ និងការធានាសណ្តាប់ធ្នាប់និងសន្តិសុខសង្គមនោះដែរ។
ជាមួយគ្នានេះដែរ លោកបានថ្លែងថា ការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានភាពរីកចម្រើន រមែងត្រូវការការចូលរួមពីតួអង្គពាក់ព័ន្ធទាំងអស់ ប៉ុន្តែ ការចូលរួមចាំបាច់ត្រូវធានាភាពស្មោះត្រង់ ការគោរពវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ក៏ដូចជាការទទួលខុសត្រូវខ្ពស់ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន ដោយក្នុងនោះត្រូវធានាថា ការអនុវត្តការងារប្រព្រឹត្តទៅក្នុងក្របខណ្ឌដែលច្បាប់បានកំណត់។ ទាំងនេះគឺជាកិច្ចការចាំបាច់ដែលយើងទាំងអស់គ្នា ត្រូវធ្វើក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធបាននិងកំពុងអនុវត្តយ៉ាងសកម្មដើម្បីរួមចំណែកលើកស្ទួយតម្លៃវិជ្ជាជីវៈសារព័ត៌មាន និងលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន ឱ្យកាន់តែរីកចម្រើនថែមទៀត។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូច្នេះថា៖ «ភាពស្មោះត្រង់ និងការគោរពវិជ្ជាជីវៈនេះហើយ គឺជាភាពចាំបាច់សំខាន់ នៅក្នុងវិស័យសារព័ត៌មាន អ្នកសារព័ត៌មាន គឺមានទំនួសខុសត្រូវចម្បង គឺការរាយការណ៍ជូនដល់សាធារណជននូវការពិត ផ្តល់ព័ត៌មានត្រឹមត្រូវ មិនលម្អៀង អ្នកសារព័ត៌មាន ត្រូវមានមនសិកា ការពារឧត្តមប្រយោជន៍ជាតិ និងថែរក្សាស្ថិរភាពក្នុងសង្គម ដោយក្នុងនោះត្រូវចូលរួមធានាការពារ ការពង្រឹងសមត្ថភាពវិជ្ជាជីវៈ គុណភាពផ្សព្វផ្សាយ មិនត្រូវស្ថិតនៅក្រោមឥទ្ធិពលនយោបាយបរទេស ឬបម្រើរបៀបវារៈនយោបាយ ក្នុងការអនុវត្តភារកិច្ច របស់ខ្លួនឡើយសំដៅធ្វើយ៉ាងណាដើម្បីធានាភាពជឿជាក់ និងទុកចិត្តបានពីសំណាក់ប្រជាជន និងសង្គមទាំងមូល»។
លោកបានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន ៧៩,៨០ភាគរយ ក្នុងចំណោមអ្នកបានចូលរួមសរុប ក្នុងការស្ទង់មតិឆ្នាំ២០២៤ ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន នៅកម្ពុជា បានអះអាងថា៖ «ខ្លួនមានសេរីភាពពេញលេញ ក្នុងការប្រកបអាជីព ជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល សុវត្ថិភាព និងដោយឯករាជ្យភាព ក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត ផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី»។
លទ្ធផលនៃការស្ទង់មតិនេះគឺផ្ទុយស្រឡះពីអ្វីដែល សមាគមសារព័ត៌មានមួយចំនួនបានលើកឡើងអំពីការយាយី ឬធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន ដែលរបាយការណ៍របស់សមាគមនោះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ជាមួយរបាយការណ៍របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្ថែមថា កម្ពុជាសព្វថ្ងៃអង្គភាពសារព័ត៌មាន ជាង២ពាន់អង្គភាព និងមានអ្នកសារព័ត៌មានប្រមាណ ១ម៉ឺននាក់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលបាននឹងកំពុងអនុវត្តការងាររបស់ខ្លួន ផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ព្រមទាំងធ្វើសេចក្តីរាយការណ៍ព័ត៌មានបានដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព ទទួលបានការទុកចិត្ត និងគាំទ្រពីសាធារណជនគ្រប់មជ្ឈដ្ឋានទាំងអស់។
បើតាមលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់ណ្តាញព័ត៌មាន Fresh News ថា សេរីភាពសារព័ត៌មាននៅកម្ពុជា មិនអាក្រក់ដូចអ្នកមួយចំនួនគិតនោះទេ យើងឃើញថាមានទម្រង់ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅក្នុងប្រទេសកម្ពុជា មានទាំងទម្រង់បែបប្រពៃណី និងទំនើប បន្តផ្សព្វផ្សាយ ស្ថិតក្រោមក្របខណ្ឌច្បាប់ ហើយរដ្ឋាភិបាល ក៏មិនបានទៅរឹតត្បិត មិនបានទៅត្រួតពិនិត្យមុនការចេញផ្សាយនោះដែរ កន្លែងទាំងអស់ហ្នឹងវាអាចបញ្ជាក់អំពីសេរីភាពនៃសារព័ត៌មានហើយ»។
លោកបណ្ឌិត គិន ភា បង្ហាញការយល់ឃើញថា អ្នកសារព័ត៌មានចង់បានសេរីភាពលើសច្បាប់ចែង តែវាប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ដូច្នេះ សេរីភាពនេះនឹងត្រូវបានកាត់ផ្តាច់ ដោយសារតែចំណុចនេះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពអ្នកដទៃ។ ត្រង់ចំណុចនេះប្រសិនបើអ្នកសារព័ត៌មាន ផ្សព្វផ្សាយប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ឬក៏ស្ថិរភាពរបស់រដ្ឋនោះ វិធានការផ្លូវច្បាប់នឹងត្រូវអនុវត្តលើបុគ្គលប្រព្រឹត្តិបទល្មើសជាដើម។
«អនុវត្តច្បាប់លើអ្នកសារព័ត៌មាន ប្រព្រឹត្តិខុសច្បាប់ គេមិនមែនហៅថាជាការរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មានទេ ប៉ុន្តែជាការអនុវត្តច្បាប់ ដែលជាផ្នែកមួយនៃការពង្រឹងនីតិរដ្ឋ»។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិត គិន ភា។
លោកបណ្ឌិតបានគូសបញ្ជាក់ថា ការវាយតម្លៃពីសេរីភាពសារព័ត៌មាននៅកម្ពុជា របស់អង្គការអន្តរជាតិ និងអ្នកវិភាគមួយចំនួនតូច ដោយសារតែពួកគាត់ច្បិចទៅលើមុមណាមួយ ដូច្នេះ នៅពេលដែលពួកគាត់ផ្តោតតែលើមុមណាមួយ ជ្រុងណាមួយ ឬក៏លើរបៀបវារៈណាមួយដែលបង្កប់គោលដៅនយោបាយនោះការវាយតម្លៃរបស់ខ្លួន មិនមានភាពពេញលេញ ដែលធ្វើឱ្យស្រអាប់ពណ៌នៃសេរីភាពសារព័ត៌មាននៅកម្ពុជា។
លោកបណ្ឌិត គិន ភា បានសង្កត់ធ្ងន់ថា៖ «អីចឹងការវាយតម្លៃណាមួយមានភ្ជាប់នឹងរបៀបវារៈ ឬក៏គោលដៅនយោបាយអាហ្នឹង គេអត់អាចឈរលើគោលការណ៍អព្យាក្រឹត្យ និងភាពត្រឹមត្រូវនៃសច្ចៈភាពស្ថានភាពសារព័ត៌មាននៅកម្ពុជានោះទេ»។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ការផ្តល់ការគាំពារ និងការការពារផ្នែកផ្លូវច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវគឺជាអាទិភាពចំបងមួយ និងជាការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា។ អ្នកសារព័ត៌មានដែលបានចុះបញ្ជី ហើយបានជួបប្រទះនឹងបញ្ហា ឬវិវាទនានាក្នុងអំឡុងពេលបំពេញការងាររបស់ខ្លួន ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតួនាទីក្នុងក្របខណ្ឌច្បាប់កំណត់ ក្រសួងទទួលពិនិត្យសំណើលើករណីវិវាទទាំងនោះដើម្បីផ្តល់ការការពារ តាមរយៈការសម្របសម្រួល ការប្រឹក្សាផ្នែកច្បាប់ដើម្បីស្វែងរកដំណោះស្រាយ និងតាមរយៈការផ្តល់មេធាវីសម្រាប់ការពារក្តីក្នុងតុលាការជូនអ្នកសារព័ត៌មានផងដែរ។
ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានសម្របសម្រួលវិវាទ និងបញ្ហានានារបស់អ្នកសារព័ត៌មានសរុបចំនួន ២០ករណី និងកំពុងដំណើរការផ្តល់មេធាវីការពារក្តីក្នុងតុលាការសម្រាប់ករណីវិវាទមួយចំនួនទៀតផងដែរ។ ក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មានបានដោះស្រាយវិវាទរបស់អ្នកសារព័ត៌មានសរុបចំនួន ៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានចំនួន ៥០លើកផ្សេងទៀត។ ក្នុងឆ្នាំ២០២៣ដដែល ក្រសួងក៏បានផ្តល់មេធាវីការពារក្តីហើយទទួលបានជោគជ័យសរុបចំនួន ១១ករណីផងដែរ។ នេះបើតាមការឱ្យដឹងពី អ្នកនាំពាក្យក្រសួងព័ត៌មាន។
លោក ទេព អស្នារិទ្ធ បានក្រើនរំលឹកថា អ្នកសារព័ត៌មានមិនត្រូវដើរតួនាទីជំនួសឱ្យអាជ្ញាធរមានសមត្ថកិច្ច ឬជំនួសតុលាការឡើយ។ ការបំពេញតួនាទី និងភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈ ដោយភាពស្មោះត្រង់ពិតប្រាកដរបស់អ្នកសារព័ត៌មាន ទើបជាការចូលរួមលើកតម្កើងគុណតម្លៃអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គម។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤នេះ អ្នកសារព័ត៌មានដែលបានប្រព្រឹត្តកំហុសវិជ្ជាជីវៈ ហើយព្រមទទួលស្គាល់កំហុសនោះ មានចំនួនសរុប ៦ករណី ដោយធ្វើការសុំទោសជាផ្លូវការ និងព្រមកែប្រែធ្វើឱ្យប្រសើរឡើងតាមក្រមសីលធម៌។ ការនេះគឺជាទង្វើត្រឹមត្រូវក្នុងការអនុវត្តតួនាទី និងភារកិច្ចជាអ្នកសារព័ត៌មានដែលគោរពវិជ្ជាជីវៈខ្លួន។
ចំណែកលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា នៅក្នុងប្រទេសប្រជាធិបតេយ្យ សេរីភាពការបញ្ចេញមតិ អ្នកសារព័ត៌មានមួយចំនួនបានដើរជ្រុលពីវិជ្ជាជីវៈ និងក្រមសីលធម៌ ចំណុចនេះបានធ្វើឱ្យអ្នកសារព័ត៌មានមួយចំនួនបានជួបប្រទះនឹងបញ្ហាផ្លូវច្បាប់។ អ្នកសារព័ត៌មានចាស់វស្សារូបនេះ ក៏បានលើកឡើងពីកត្តាមួយចំនួនដែលធ្វើឱ្យអ្នកសារព័ត៌មានទទួលទោសទណ្ឌលើទិដ្ឋភាពច្បាប់រួមមាន៖
ទី១៖ អ្នកសារព័ត៌មាន មិនបានស្វែងយល់ឱ្យបានត្រឹមត្រូវថាតើ វិជ្ជាជីវៈ និងក្រមសីលធម៌ របស់អ្នកសារព័ត៌មាន មានអ្វីខ្លះ?
ទី២៖ គាត់បានដឹងហើយ ប៉ុន្តែ មិនបានអនុវត្តឱ្យដិតដល់ ហើយពេលខ្លះអ្នកសារព័ត៌មាន ធ្វេសប្រហែសក្នុងពេលបំពេញការងារ ទើបធ្វើឱ្យពួកគាត់ជួបប្រទះបញ្ហាផ្លូវច្បាប់ជាដើម។
លោក ពុយ គា បានអំពាវនាវដល់អ្នកសារព័ត៌មាន បន្តប្រឹងប្រែងពង្រឹងសមត្ថភាព ព្យាយាមអាន ប្រតិបត្តិតាមវិជ្ជាជីវៈ និងក្រមសីលធម៌ បើមិនដូច្នោះទេ វានឹងធ្វើឱ្យអ្នកសារព័ត៌មានប្រទះនឹងបណ្តឹង រហូតឈានទៅដកអាជ្ញាបណ្ណ ដែលធ្វើឱ្យអ្នកវាយតម្លៃសេរីភាពសារព័ត៌មាន នៅខាងក្រៅមើលមកថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានការធ្លាក់ចុះជាដើម។ លោកចង់ឃើញអ្នកសារព័ត៌មាន ចូលរួមរិះគន់ក្នុងន័យស្ថាបនា មិនមែនរិះគន់ដើម្បីជាន់ពន្លិចនោះទេ៕