(ភ្នំពេញ)៖ អំណោយដ៏សប្បសធម៌របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោក សេង ទៀង រដ្ឋលេខាធិការ​ទីស្តី​ការគណៈរដ្ឋមន្ត្រី នាំយកទៅប្រគល់ជូនដល់ដៃគ្រួសារសម្រាលទារិកា​ភ្លោះបី នៅព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត។

អំណោយដ៏សប្បសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន៖ ថវិកា ៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២ កេស ធំ ស្កសរ ៥គីឡូក្រាម សារុង២ និងក្រម៉ា២។

ទារិកាភ្លោះទាំងបីដែលទទួលអំណោបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកទី២ ក្នុងគ្រួសារ ដែលមានឪពុកឈ្មោះ ទួន វិរៈ អាយុ៣៦ឆ្នាំ ម្តាយឈ្មោះ ឈិញ ឆវី អាយុ ២៨ឆ្នាំ អ្នកទាំងពីរមានមុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជន។

ទារិកាភ្លោះទាំងបីបានប្រសូត្រនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកាល់​ម៉ែត។ នៅចំពោះមុខគ្រួសារកូនភ្លោះបី លោក សេង ទៀង មានប្រសាសន៍ពាំនាំនូវ​ការ​ផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេច​តេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើការនឹករលឹក​ចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

លោក សេង ទៀង បានមាន​ប្រ​សាសន៍​​ឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលរយៈពេល​ជាង២៥ឆ្នាំកន្លងមកនេះ មានគ្រួសារសម្រាលទារកភ្លោះបីនាក់ ឫបួននាក់ ចំនួន​៤១៤​គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ពីសម្តេចតេជោ និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លង​ទន្លេ​រួច។

លោក សេង ទៀង បន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋា​ភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យ​សកម្ម​ភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើត​ចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋសម្រាល​ទារក​ភ្លោះបីឬបួននាក់។

តំណាងមាតាបិតាកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទ័ល​ក្រងាយ​រង​គ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ ពោលគឺពេលនេះសម្តេចបានចាត់ឱ្យ​តំណាងរបស់សម្តេចនាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃ​ដល់​គ្រួសារ​របស់ខ្លួន ដែលសម្រាលបានទារិកាភ្លោះបីនាក់ ដើម្បីជួយសំរាលដល់ការ​លំបាក់​ក្នុងការចិញ្ចឹមបីបាច់ទារិកាភ្លោះទាំងបីនាក់នេះ ឱ្យមានជីវិតរស់នៅ និងមាន​អនាគត​​ល្អដូចពលរដ្ឋដទៃទៀតក្នុងសង្គម៕