(ភ្នំពេញ)៖ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទគំរាមកំហែងដោយប្រើប្រាស់អាវុធវែង AK47 នៅចំណុចយឿត្រីថ្មី គល់ស្ពានព្រែកព្នៅ ភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ​ សុខ​ មនោរម្យ​ មានមុខរបរយោធា (កងកិត្តិយសត្រែទ័ព) បច្ចុប្បន្នរស់នៅផ្ទះលេខ68C ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដោយឡែកជនរងគ្រោះ ឈ្មោះ តែ ប្រុស ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ត្រី។

យោងតាមការស្ដាប់ចម្លើយ ជនសង្ស័យ បានសារភាពថា នៅវេលាម៉ោង៧៖៣២នាទី យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យ បានជិះរថយន្ត១គ្រឿង ម៉ាកលុចស៊ីស 350 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02.2.6171 ដោយដាក់អាវុធវែង AK47 មួយដើម ក្នុងរថយន្តពេលមកដល់កន្លែងកើតហេតុ បានដកអាវុធវែង AK47 ចេញពីក្នុងរថយន្ត យកទៅគំរាមជនរងគ្រោះឈ្មោះ តែ ប្រុស និងអ្នកជិតខាង។

មូលហេតុដោយសារជនរងគ្រោះ ចោទខ្លួនថា បានទំនាក់ទំនងស្នេហា ជាមួយប្រពន្ធជនរងគ្រោះ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើ បានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ព ចំណែកអាវុធវែង AK47 បានយកទៅទុកក្នុងឃ្លាំងវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើ បានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕