(ភ្នំពេញ)៖ កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃវេទិកាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ាន ២០២៤ (ASEAN WOMEN ENTREPRENEUR NETWORK &AWEN Award ) ជាលើកដំបូង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ខាងមុខ ដែលជាឱកាសល្អមួយសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលរបស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានា និងចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យកម្សាន្តនៅកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត អេង លីគង់ ប្រធាន ASEAN WOMEN ENTREPRENEUR NETWORK ប្រចាំកម្ពុជា និងជាប្រធាន Cambodian Women Entrepreneurs Network មានប្រសាសន៍ នេះជាកិត្តិយសមួយរបស់កម្ពុជា ដែលមានឱកាសធ្វើជាម្ចាស់នៃវេទិកាសហគ្រិនស្រ្តីកំពូល ASEAN WOMEN ENTREPRENEUR NETWORK ជាលើកដំបូងដោយសារកម្ពុជាមានលក្ខខណ្ឌគ្រប់គ្រាន់ ទើបគេអនុញ្ញាតឱ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ នឹងធ្វើឱ្យកម្ពុជាមានឱកាសរំលេច ឬបង្ហាញនូវសក្តានុពលនៃការវិនិយោគទៅដល់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងទៅដល់ឆាកអន្តរជាតិ។
ឧកញ៉ា ស្រ៊ាត មុំសុភា ប្រធានគណៈកម្មការរៀបចំកម្មវិធីនេះ បានលើកឡើងថា វេទិកាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ាន២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «ASEAN, We're One»។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយនេះ នឹងក្លាយទៅជាកាតាលីករ ក៏ដូចជា Platform អន្តរជាតិដ៏សំខាន់មួយសម្រាប់ចូលរួមចំណែកជួយជ្រោមជ្រែង និងគាំទ្ររាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងជាការគាំទ្រយ៉ាងសំខាន់ ទៅដល់គោលនយោបាយអាស៊ាន និងអន្តរជាតិ នៅក្នុងការលើកកម្ពស់ និងជំរុញសក្តានុពលរបស់ស្ត្រី នៅក្នុងវិស័យជំនួញនានា ដើម្បីការរីកចម្រើនលូតលាស់ទៅលើសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម ប្រកបដោយចេរភាព និងវឌ្ឍនភាព។
លោកស្រីបន្តថា «នេះក៏នឹងសរបញ្ជាក់ឲ្យកាន់បន្ថែមទៀត ថាស្តីដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍជាតិ និងពិភាពលោកទាំងមូល ហើយនារីពិតជាមាននូវសមត្ថភាព និងលទ្ធភាពយ៉ាងពេញលេញនៅក្នុងកិច្ចការនេះ»។
បើតាមប្រធានគណៈកម្មការរៀបចំកម្មវិធីនេះ ប្រធានបទសម្រាប់ឆ្នាំនេះ នឹងផ្តោតជាសំខាន់ទៅលើកិច្ចពិភាក្សាលើការជំនួញ ការធ្វើពាណិជ្ជកម្ជ។
វេទិកានេះ នឹងមានការចូលរួមបើកវេទិកាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងវត្តមានរបស់រដ្ឋមន្រ្តីនៅតាមបណ្តាក្រសួងមួយចំនួន ដូចជាក្រសួងកិច្ចនារី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកវិនិយោគគិន ក្រុមហ៊ុនធំៗជាច្រើន ធ្វើជាវាគ្មិនក្នុងកម្មវិធីជជែកពីភាក្សា ដើម្បីចែករំលែកនូវឱកាសវិនិយោគនៅកម្ពុជា។
កម្មវិធី ASEAN Women Entrepreneurs Network Award (AWEN Award)ត្រូវបានបង្កើតឡើង ក្នុងគោលបំណងតំណាងឱ្យស្ត្រី នៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់ នៅក្នុងរដ្ឋជាសមាជិកអាស៊ានដោយផ្ដោតទៅលើ៖ ការបង្កើតវេទិកាក្នុងតំបន់, ការគាំទ្រសហគ្រិនស្ត្រីអាស៊ាន ឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង, ផ្តល់ឱកាសឲ្យសហគ្រិនទាំងនេះ បង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ, បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានា ឱ្យទទួលបានជោគជ័យ។ ចំណែក AWEN Award Night គឺជាព្រឹត្តិការណ៍មួយ ដែលបានបង្កើតឡើងដោយ AWEN «ASEAN WomenEntrepreneur Network» តាំងពីឆ្នាំ២០១៥មក ដែលក្នុងនោះសហគ្រិនស្ត្រីឆ្នើមអាស៊ាន បានទទួលពានរង្វាន់ជាច្រើន ។
សហគ្រិនស្រ្តីឆ្នើមកម្ពុជា ទទួលបានពានលើសពី៦០នាក់ ដែលបានទទួលពាននៅបណ្តាប្រទេសមិត្តអាស៊ាន។ ចំណែកឆ្នាំនេះ សហគ្រិនប្រមាណ២២នាក់ នឹងទទួលបានពានរង្វាន់ពីវេទិកានេះ។
លោក ជិន ថូមីត ស្ថាបនិកនៃក្រុមហ៊ុនអាយឌិន បានលើកឡើងថា វេទិកាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ាន២០២៤ នឹងក្លាយទៅជាវេទិកាប្រចាំឆ្នាំមួយនៅកម្ពុជាសម្រាប់សហគ្រិនស្ត្រី នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ក្នុងការផ្សារភ្ជាប់ និងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្សេងៗ តាមរយៈការចូលរួមក្នុងវេទិកាប្រចាំឆ្នាំនិងជាវេទិកានៃការជជែកវែកញែក ពិភាក្សារពីសំណាក់បុគ្គលពាក់ព័ន្ធសំខាន់ៗ អំពីទិដ្ឋភាពទូទៅនៃបរិយាកាសធុរកិច្ច សេដ្ឋកិច្ច និងវិស័យពាក់ព័ន្ធ សម្រាប់ប្រជាជាតិអាស៊ាន។
វេទិកានេះ នឹងផ្តល់នូវខ្លឹមសារចំណេះដឹង ព័ត៌មានពាក់ព័ន្ធសំខាន់ៗសម្រាប់ធុរជន សហគ្រិន ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា សម្រាប់យកទៅធ្វើជាប្រយោជន៍ក្នុងការប្រតិបត្តិការធុរកិច្ច ឬកិច្ចការសម្រាប់ប្រទេស ឬស្ថាប័នរបស់ខ្លួន។
វេទិកាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ាន២០២៤ នឹងរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា ដោយមានសហគ្រិនកម្ពុជា និងសហគ្រិនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានប្រមាណជាង ៣០០នាក់៕