(ព្រះសីហនុ)៖ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា ប្រសិនជាមិនមានកិច្ចការវារីវប្បកម្មដើម្បីផ្គត់ផ្គង់នៅលើទីផ្សារទេ វាអាចនឹងបង្កជាកង្វះខាតការផ្គត់ផ្គង់ ខណៈអត្រាប្រជាជនបន្តកើនឡើង។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល កញ្ញា អ៉ឹម រចនា បានដឹកនាំអ្នកសារព័ត៌មានជាង៤០នាក់ ធ្វើទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផល ក្រោមប្រធានបទ «ការទទួលស្គាល់ក្នុងស្រុក និងជាសកលសម្រាប់ផលិតផលជលផល៖ ផលិតអាហារមានសុវត្ថិភាព ដើម្បីពន្លឿនភាពជោគជ័យ» តាមបណ្ដាខេត្តជាប់មាត់សមុទ្រមួយចំនួនរបស់កម្ពុជា ដោយទទួលបានការគាំទ្រពីគម្រោង CAPFish-Capture ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប។
កញ្ញា អ៉ឹម រចនា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើទោះបីជាធនធានជលផលនៅក្នុងធម្មជាតិកន្លងមកក្រសួងបានប្រកាសថា មានកំណើនក្នុងឆ្នាំនេះក៏ដោយក៏ប៉ុន្តែប្រសិនជាមិនមានការចិញ្ចឹមបន្ថែមដើម្បីផ្គត់ផ្គង់ត្រីនៅលើទីផ្សារទេ វាអាចនឹងបង្កជាផលប៉ះពាល់ដល់ធនធានធម្មជាតិ ហើយប្រជាពលរដ្ឋយើងមានការកើនឡើងរហូតការផ្គត់ផ្គង់ហើយនិងតម្រូវការត្រីនៅលើទីផ្សារមានការកើនឡើងដែរ»។
កញ្ញាបានថ្លែងបន្តថា ការងារវារីវប្បកម្មនេះ គឺពិតជាសំខាន់ណាស់ ដែលត្រូវធ្វើយ៉ាងម៉េចដើម្បីធានានិរន្តរភាពធនធានជលផលនៅក្នុងធម្មជាតិ។ កញ្ញាបន្តថា វារីវប្បកម្មនេះត្រូវធ្វើឡើងស្របតាមបច្ចេកទេស និងការព្យាបាលដែលបានកំណត់ ដើម្បីគិតគូរដល់សុខភាពអ្នកបរិភោគ ក៏ដូចជាការផ្ដល់ទំនុកចិត្តដល់អតិថិជនផងដែរ៕