(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី បានលើកឡើងថា អតីតយុទ្ធជនមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងជានិមិត្តរូបនៃស្មារតី លះបង់ ពលីកម្មដើម្បីជាតិ និងជាអ្នកស្នេហាជាតិយ៉ាងពិតៗ មិនមានជនណាម្នាក់មកមើលរំលងបានឡើយ។
លោកបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសខួបទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ ដែលសមាគមសហការជាមួយ រដ្ឋបាលខេត្ត និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសប្បទាខេត្តរៀបចំធ្វើឡើង នៅសាលមហោស្រពរតនៈ ខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីបងប្អូនអតីតយុទ្ធជនកម្ពុជា និងអង្គភាពពាក់ព័ន្ធ ចំនួន៣០១នាក់។
លោកអភិបាលខេត្តបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខ ៣១សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ ដោយបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជាទិវាអតីតយុទ្ធជនកម្ពុជា ការរៀបចំទិវាអតីតយុទ្ធជន កម្ពុជានេះឡើង ដើម្បីរម្លឹកអំពីវីរភាព និងផ្ដល់កិត្តិយសឱ្យស័ក្កិសមនឹងគុណបំណាចរបស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជនកម្ពុជា។
ក្រៅពីការរម្លឹកដល់វីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀត អំពីអតីតយុទ្ធជន បំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជនកងកម្លាំងប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បីប្រែក្លាយយុវជន ឱ្យស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិ មោះមុតរឹងមាំ និងមានសេចក្តីថ្លៃថ្នូរ។
បច្ចុប្បន្នសមាគមអតីតយុទ្ធជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា សម្តេចទាំងទ្វេរ ជានិច្ចកាលតែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលីកម្មដ៏ស្មោះស្ម័គ្រ របស់យុទ្ធជនកម្ពុជា ដែលគុណបំណាច់ដល់ធំធេង ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ និងលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលនេះជាគំរូវីរភាពស្នេហាជាតិដ៏ឧត្ដុង្គឧត្តមរបស់បងប្អូនអតីតយុទ្ធជនទាំងអស់។
លោកញ៉ែម សំអឿន បានគាំទ្រនិងវាយតំលៃចំពោះរបាយការណ៍ និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៤ និងកោតសរសើរចំពោះ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្តរតនគិរី ព្រមទាំងអង្គភាពពាក់ព័ន្ធខិតខំយកចិត្តទុកដាក់ឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ សម្រេចបានការងារ ដែល រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រគល់ជូន។
លោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសប្បទាខេត្តរតនគរី បានលើកឡើងថា សមាគម មានអតីតយុទ្ធជនសរុបចំនួន ៦២៩នាក់ ក្នុងនោះមាន ជនពិការ ចំនួន ៦៤នាក់ និវត្តជនចំនួន ៤៣៨នាក់ ជនបាត់បង់សមត្ថភាពការងារ ចំនួន ០២នាក់ គ្រួសារជនពលីចំនួន៨៦នាក់ គ្រួសារជនមរណៈ ចំនួន ៣៩នាក់។ តួលេខនេះគិតតែជាសមាជិក សមាគមអតីយុទ្ធជនទេ ការពិតមានអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ច្រើនជាងនេះ ដែលបច្ចុប្បន្នកំពុងទទួលរបបគោលនយោបាយពីរដ្ឋ សរុបក្នុង ១ខែបានចំណាយ ថវិការដ្ឋ ចំនួន ៦០៤,៧៩២,៦៨៥រៀល ផ្នែកវិស័យអតីតយុទ្ធជនខេត្តរតនគិរី។
សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ អតីតយុទ្ធជនទាំង ៣០១នាក់ ដែលបានចូលរួមបានទទួលថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងម្នាក់ ៥ម៉ឺនរៀល មីជាតិ ១កេស។ ដោយឡែក លោក ញ៉ែម សំអឿន ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនក្នុងម្នាក់ ២ម៉ឺនរៀលបន្ថែមផងដែរ៕