(កែប)៖ លោក រ៉ូ ប៊ីនណៃ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមមគ្គុទេ្ទសក៍ដឹកនាំប្រកបដោយភាពស្វាហាប់ និងពោរពេញដោយបញ្ញាញាណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា ក្នុងនោះការប្រយុទ្ធប្រឆាំងទារុណកម្មក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។
លោកបានបន្តថា ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ កម្ពុជា បានចូលជារដ្ឋភាគីនៃលិខិតតុបករណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្សសំខាន់ៗចំនួន៨ ក្នុងចំណោម៩ ហើយបានបង្កើតយន្តការជាច្រើនដើម្បីអនុវត្តយ៉ាងខ្ចាប់ខ្ជួន ជាក់ស្តែងរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មដែលមានឯករាជ្យភាពក្នុងការបំពេញមុខងារ ដើម្បីធ្វើជាសេនាធិការលើការងារប្រយុទ្ធប្រឆាំងទារុណកម្ម។ ទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈយ៉ាងមុះមុត ក្នុងការគោរព ការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងបានបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញ ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិ ក៏ដូចជាលិខិតតុបករណ៍អន្តរជាតិនានាដែលកម្ពុជាបានផ្តល់សច្ចាប័ន។
លោកបានបន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវបានប្រគល់តួនាទី និងភារកិច្ចជាច្រើន។ ក្នុងនោះ គឺការចុះផ្សព្វផ្សាយអប់រំ ចុះស៊ើបអង្កេតករណីជាក់ស្តែង និងចុះត្រួតពិនិត្យជាទៀងទាត់តាមបណ្តាពន្ធនាគារ កន្លែងឃាត់ខ្លួនរបស់នគរបាលយុត្តិធម៌ និងកន្លែងដកហូតសេរីភាពផ្សេងទៀតទូទាំងប្រទេស សំដៅបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្មគ្រប់ទម្រង់ ដើម្បីពង្រឹងកិច្ចការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីទារុណកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិ ជាធរមាន។
លោក រ៉ូ ប៊ីនណៃ លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពីមូលដ្ឋានគ្រឹះនៃគោលការណ៍សិទ្ធិមនុស្សសម្រាប់មន្រ្តីអនុវត្តច្បាប់ និងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅខេត្តកែប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ លោក រ៉ូ ប៊ីនណៃ បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកដាក់ក្រេបយកចំណេះដឹងពីវគ្គអប់រំផ្សព្វផ្សាយនេះ ហើយទៅចែករំលែកបន្តដល់មន្រ្តីថ្នាក់ក្រោម ដើម្បីជាប្រយោជន៍ក្នុងការបំពេញការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោកបានថ្លែងកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរប្រកបដោយការទទួលខុសត្រូវខ្ពស់នាពេលកន្លងមក ដែលជាការចូលរួមចំណែកលើកមុខមាត់រាជរដ្ឋាភិបាលលើឆាកអន្តរជាតិ ក្នុងវិស័យសិទ្ធិមនុស្ស។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយនេះ ត្រូវបានសហការរៀបចំឡើងដោយគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងរដ្ឋបាលខេត្តកែប ក្រោមអធិបតីភាពរបស់ លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានការអញ្ជើញចូលរួមពី លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប
តំណាងមកពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
លោកអភិបាលរងខេត្ត តំណាងមកពី សាលាដំបូង តំណាងអយ្យការអមសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ពន្ធនាគារ និងអាជ្ញាធរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តកែបសរុបចំនួនជាង១០០ នាក់។
គោលបំណងនៃវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ គឺដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម សំដៅលើកកម្ពស់ការយល់ដឹង និងសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ច និងតួអង្គពាក់ព័ន្ធនានា ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គោរពសិទ្ធិមនុស្ស និងគ្មានទារុណកម្ម ក្រោមតំបូលសន្តិភាពនៃកម្ពុជា៕