(កំពង់ចាម)៖ ផ្លូវក្រួសក្រហមចំនួន ២ខ្សែ ក្នុងស្រុកស្ទឹងត្រង់ ត្រូវបានក្រុមការងារអន្ដរក្រសួងចំនួន២ ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពការងារថែទាំខួបផ្លូវចំនួន២ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្រុមការងារអន្ដរក្រសួងដែលដឹកនាំដោយលោក ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ដ្រីបច្ចេកទេសផ្លូវជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៤ បានធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពការងារថែរទាំខួបផ្លូវចំនួន២ខ្សែ ដែលស្ថិតក្នុងឃុំដងក្តារ និងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក អ៉ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ដកំពង់ចាម បានឱ្យដឹងថា ផ្លូវទាំង២ខ្សែនេះ មានប្រវែង ១៧.៥គីឡូម៉ែត្រ ទទឹងផ្លូវទំហំ៥ម៉ែត្រ និងផ្លូវខ្លះទៀតទំហំ៤.៥ម៉ែត្រ ជាផ្លូវក្រាលល្បាយក្រួសក្រហមដំណាក់កាលចុងក្រោយ សម្រាប់ឆ្នាំ២០២៣ ដែលជាប្រភពថវិការរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម ផ្លូវថែរទាំខួបនេះស្ថិតនៅក្នុងឃុំដងក្តារ និងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។
លោកប្រធានបានបន្ដថា ក្រោយការចុះពិនិត្យនិងវាយតម្លៃ ជាលទ្ធផល គណៈកម្មការអន្តរក្រសួង បានព្រមទទួលយក១០០% ព្រោះគណៈកម្មការ បានមើលឃើញថា ផ្លូវ២ខ្សែនោះ បានថែទាំជាប្រចាំ ត្រឹមត្រូវទាំងប្រវែងផ្លូវទំហំផ្លូវ និងបរិមាណ និងគុណភាពផ្លូវបានលល្អមួយរយភាគរយ សម្រាប់បម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
បន្ទាប់ពីក្រុមការងារបានចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពការងារថែរទាំខួបផ្លូវទាំងពីរខ្សែនេះមក ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម (គល) បានសម្តែងការកោតសរសើរដល់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់ក្រសួងក្នុងបំពេញកិច្ចការងារបានល្អ ហើយគណៈកម្មការបានឯកភាពទទួលយក១០០% ចំពោះលទ្ធផលថែទាំខួបផ្លូវក្រាលក្រួសក្រហមទាំង២ខ្សែនេះ។
ឆ្លៀតឱកាសនោះដែរ លោក ផូ ផារិទ្ធ និងក្រុមការងារក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាននោះផ្ទាល់ ដោយបង្ហាញនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់ផ្លូវសម្រាប់ឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ដឹកកសិកផលទៅកាន់ទីផ្សារ និងចូលរួមចំណែកលើកស្ទួយជីវភាពរបស់អ្នកភូមិនៅតំបន់នេះឱ្យកាន់តែល្អប្រសើរទៀត។
លោក ផូ ផារិទ្ធ និងក្រុមការងារក៏បានអំពាវនាវ និងស្នើឱ្យអាជ្ញាធរមូលដ្ឋានរួមនឹងប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវទាំងនោះឱ្យបានល្អ និងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទំងន់កំណត់ ដើម្បីរក្សាគុណភាពផ្លូវឱ្យជាប់បានយូរ ងាយ ស្រួលក្នុងការធ្វើដំណើរ ពិសេសប្រជាពលរដ្ឋត្រូវចាត់ទុកផ្លូវទាំងអស់នៅក្នុងមូលដ្ឋានជាផ្លូវរបស់ខ្លួន៕