(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់ព្រះសង្ឃ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ តាមមន្ទីរ អង្គភាព និងតាមកន្លែងសាធារណៈផ្សេងៗដូចជាវត្តអារាម សាលារៀន ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក និងគ្រប់មធ្យោបាយដែលមាន ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០០នាទីព្រឹកខាងមុខនេះ។
ការថ្លែងរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមចែកអំណោយរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតតាមសហគមន៍ និងជនរងគ្រោះដោយធម្មជាតិ ចំនួន៣៥០គ្រួសារ ស្ថិតនៅទីរួម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោក គីម រិទ្ធី បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនប្រជាពលរដ្ឋ ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលខាងមុខនេះ។
លោកអភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
លោកបញ្ជាក់ថា «ដូច្នេះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៩៖០០នាទីព្រឹក ខាងមុខ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជាផ្លូវការ សូមមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋយើងទូទាំងខេត្តព្រះវិហារ ចូលរួមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះ»។
លោក គីម រិទ្ធី ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់នារដូវភ្លៀងនេះ ដោយត្រូវថែសុខភាពឱ្យបានល្អ ដើម្បីការពារពីជំងឺឆ្លងនានា ក៏ដូចជាគ្រោះថ្នាក់ធម្មជាតិដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ សត្វអសិរពិសផ្សេងៗ ពិសេសក្មេងៗកុំបណ្តោយឱ្យលេងទឹកផ្តេសផ្តាស។ អំណោយដែលនាំមកចែកជូននាពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ១បេ ប៊ីចេង ប្រេងឆា ត្រីខ និងសាប៊ូ៕