(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ ដោយបង្ហាញការពេញចិត្តចំពោះយុវតី សាយ ស៉ីណា ជាសិស្សនៅវិទ្យាល័យព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដែលច្រៀបទងចម្រៀង២បទយ៉ាងពីរោះ និងយល់ព្រមតាមសំណើរបស់យុវតី សាយ ស៉ីណា ដែលស្នើឱ្យជួយសាងសង់អគារសិក្សា១ខ្នង ជាប្រយោជន៍រួមសម្រាប់សិស្សានុសិស្សទូទៅ។
ក្នុងសាររដ៏រំភើបនោះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «កាលពីម្សិលមិញ ខ្ញុំបានបង្ហោះពីចៅស្រី សាយ ស៉ីណា ដែលពេលនោះមិនទាន់ស្គាល់ឈ្មោះ និងទីកន្លែងរស់នៅ។ ខ្ញុំព្យាយាមជួបចៅស្រីតាម Telegram ដើម្បីសួរនាំពីការរៀនសូត្រនិងជីវភាពគ្រួសារ ព្រមទាំងបានជួយថវិកាខ្លះសម្រាប់ចៅស្រីនិងឪពុកម្តាយ។ ថ្ងៃនេះ លោក អ៊ួន សារ៉ាត់ បានទៅដល់ផ្ទះដើម្បីសួរនាំឪពុកម្តាយនិងចៅស្រី ព្រមទាំងឱ្យចៅស្រីច្រៀងចម្រៀង២បទ ដោយគ្មានភ្លេង (ច្រៀងគោក) ដែលបទទីមួយ ស្ពានសាងស្នេហ៍ ឯបទទីពីរ វណ្ណៈសង្គម។ ទោះអត់ភ្លេងក៏ចៅនៅតែច្រៀងបានពីរោះ។ តាសូមសរសើរចៅដែលចៅបានផ្ញើសារមកតាសូមស្នើឱ្យតាជួយកសាងអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ៣០បន្ទប់ ដើម្បីជាប្រយោជន៍រួមរបស់សិស្ស។ តាបានបញ្ជូនសំណើចៅទៅនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រួចហើយ។ ចុងក្រោយខ្ញុំថ្លែងអំណរគុណចំពោះបងប្អូនកូនក្មួយដែលមក Like ជិតកន្លះលាននាក់ និងចូលមក comments ជាង២ម៉ឺននាក់ ក្រោយខ្ញុំបង្ហោះបាន១៨ម៉ោង»។
យុវតី សាយ ស៉ីណា បានបង្ហាញអារម្មណ៍រីករាយចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ឱកាសឱ្យនាងនិងឪពុកម្ដាយបាននិយាយតាមរយៈ Telegram និងយល់ព្រមតាមសំណើរបស់នាង ដែលបានស្នើឱ្យសម្ដេចតេជោជួយសាងសង់អគារសិក្សា១ខ្នង វិទ្យាល័យព្រែកព្នៅ ស្រុកពារាំង សម្រាប់ជាប្រយោជន៍រួមរបស់សិស្សានុសិស្សទូទៅ។
សូមជម្រាបថា បទស្ពានសាងស្នេហ៍ គឺបទចម្រៀងដែលត្រូវបាននិពន្ធ ដោយសម្ដេចតេជោផ្ទាល់ នៅពេលបានទស្សនាវីដេអូរបស់យុវតី សាយ ស៉ីណា ហើយនាថ្ងៃទី១៧ ម្សិលមិញ សម្ដេចតេជោក៏បានប្រកាសស្វែងរកអាសយដ្ឋានរស់នៅរបស់យុវតី សាយ ស៉ីណា ដើម្បីទំនាក់ទំនងជាមួយសាមីខ្លួន និងក្រុមគ្រួសារ ហើយនៅវេលាយប់ សម្ដេចតេជោក៏បានខលតាមតេឡេក្រាមនិយាយជាមួយស៉ីណា និងឪពុកម្ដាយ៕