(ព្រះវិហារ)៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងផ្នែកសឹករងឆែប ប្រចាំការនៅកោះល្ហរ ធ្វើការឃាត់ខ្លួន ដោយដកហូតវត្ថុតាងថ្នាំញៀនជាច្រើនគ្រាប់ និងសម្ភារមួយចំនួនទៀត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៤ នៅភូមិកំពង់ក្រសាំង ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប។
ប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ គឺធ្វើឡើងក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយបានសហការជាមួយកម្លាំងផ្នែកសឹករងស្រុកឆែប ប្រចាំការនៅកោះល្ហរ ដែលប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់មានឈ្មោះ ១.ឈ្មោះ ចៃ កាន់ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរពុំពិតប្រាកដ រស់នៅភូមិឃុំ ខាងលើ ២.ឈ្មោះ នី ប៉ែង ភេទស្រី មុខរបរ ពុំពិតប្រាកដ រស់នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ហើយប្រតិបត្តិការនេះក្រៅពីឃាត់ខ្លួនជនសង្ស័យ២នាក់ គឺបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេមីន(WY)ចំនួន១៦៨គ្រាប់ (ពណ៌ខៀវ ២គ្រាប់) ប្រាក់ខ្មែរចំនួន៤៥២,៥០០ រៀល ប្រាក់ថៃចំនួន១,០០០ បាត ប្រាក់ឡាវចំនួន ១,០៣៦,០០០ គីប និងទូរសព្ទដៃចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕