(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគូលែន បានថ្លែងណែនាំក្រុមការងារ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធិភាព តម្លាភាព ដែលអាចអាចទទួលយកបាន។
ការថ្លែងរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្តឆមាសទី២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគូលែន ដោយមានការចូលរួមពីលោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារខេត្ត ស្រុក អាជ្ញាធរស្រុក ឃុំ ភូមិ សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាដៃគូរអភិវឌ្ឍ និងវិស័យឯកជន ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
នៅក្នុងឱកាសនោះ លោក សួស សុខដារ៉ា បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ផ្ញើជូនក្រុមការងារចុះមូលដ្ឋានស្រុកគូលែន ថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅស្រុកគូលែន ក៏ដូចជាជូនពរឱ្យក្រុមការងារបន្តបេសកកម្មរបស់ខ្លួន ឱ្យទទួលបានជោគជ័យ។
នៅក្នុងកិច្ចប្រជុំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលនាដ្ឋានគូលែន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា នាពេលនេះ គឺលោកយកចិត្តទុកដាក់ស្តាប់នូវរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្ត ឆមាសទី២ ឆ្នាំ២០២៤ ក៏ដូចជាបទអន្តរាគមន៍របស់ក្រុមការងារ ស្រុក ឃុំ និងអ្នកពាក់ព័ន្ធ ដើម្បីស្តាប់ ពិភាក្សា ដោះស្រាយបញ្ហាប្រឈមដែលបានលើកឡើងខាងលើនេះឱ្យមានប្រសិទ្ធិភាព។
បន្ទាប់ពីបានស្តាប់ការលើកឡើងពីបញ្ហាប្រឈមមួយចំនួនរួចមក លោក សួស សុខដារ៉ា បានកោតសរសើរក្រុមការងារទាំងអស់ ព្រមទាំងអាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងស្រុកគូលែន ដែលបានខិតខំបំពេញ តួនាទីភារកិច្ច របស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសដោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋានបានមួយចំនួនធំ។
លោកថ្លែងបញ្ជាក់ទៀតថា កិច្ចប្រជុំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគូលែន នឹងធ្វើការប្រជុំរាល់៣ខែម្តង ៦ខែម្តង ដើម្បីរួមគ្នាក្នុងការតាមដាន និងរួមគ្នាដោះស្រាយ។លោកក៏បានណែនាំបន្ថែមឱ្យតាមដានរាល់សំណើរ សំណូមពរ នានាតាមមូលដ្ឋាន ដើម្បរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា ពិសេសគ្រោះទឹកជំនន់ទឹកភ្លៀងនាពេលបច្ខុប្បន្ននេះ ក៏ដូចជាតាមដានត្រួតពិនិត្យបញ្ហាក្មេងទំនើង គ្រឿងញៀន ល្បែងសុីសងខុសច្បាប់ និងបញ្ហាផ្សេងឯទៀត ដើម្បីឱ្យការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕