(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវមានការទទួលខុសត្រូវ ចេះថ្លឹងថ្លែងវែកញែកឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងឲ្យព័ត៌មានក្លែងក្លាយមកបំពុលបាន។
ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
សម្ដេចធិបតីបានថ្លែងថា «ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមទាំងអស់ សូមប្រើប្រាស់ប្រកបដោយភាពទទួលខុសត្រូវ ព្រោះបើមិនដូច្នេះទេនឹងបណ្ដាលឲ្យពុលជាមួយព័ត៌មានក្លែងក្លាយ ដែលចេញមកក្រឡុកពេញហ្នឹង»។
សម្ដេចធិបតីបានថ្លែងបន្ដថា ជាក់ស្ដែងដូចថ្ងៃម្សិលមិញនេះ នាយករដ្ឋមន្រ្ដីអេស្ប៉ាញ ដែលជាប្រទេសអឺរ៉ុប ប្រទេសប្រជាធិបតេយ្យ បានចេញមកនិយាយថា បើគ្មានប្រភពព័ត៌មានដែលអាចទុកចិត្តបាន និងមានភាពចម្រុះទេ ប្រជាពលរដ្ឋនឹងក្លាយជាមនុស្សខ្វាក់ភ្នែក ព្រោះមិនបានដឹងថា មិនបានលឺ អ្វីដែលជាការពិត នាំឲ្យមានផលលំបាក។
សម្ដេចធិបតីបានបញ្ជាក់ថា «ជាក់ស្ដែងសប្ដាហ៍មុននេះ ខ្ញុំបានទប់ព័ត៌មានក្លែងក្លាយចំនួន ២-៣រឿងបាន កុំអីនឹងធ្វើឲ្យវីវកវឹកវរពេញនឹង។ កាលពីថ្ងៃទី១១ ខ្ញុំបានឃើញការខំមិន ក្នុងបណ្ដាសង្គមថា សូមឲ្យជួយមើលហេតុអ្វីបានជាគេហាម អ្នកលោតទីមោងនៅស្រុកស្អាង? ភ្លាមៗខ្ញុំបានសួរនាំទៅកាន់អភិបាលខេត្តកណ្ដាលតែម្ដង។ ឯកឧត្តម គួច ចំរើន បានឆ្លើយតបភ្លាមៗថា មិនមានការបិទមិនឲ្យលោតទីមោងនោះឡើយ ប៉ុន្ដែគ្រាន់រៀបចំសណ្ដាប់ធ្នាប់ កុំឲ្យមានការដើរ លោតពេញផ្លូវ ខ្លាចគ្រោះថ្នាក់តែប៉ុណ្ណោះ។ ប៉ុន្ដែព័ត៌មានក្លែងក្លាយអំពីទីមោងនេះចេញមកចង់វិលក្បុង ប្រសិនបើឯកឧត្តម គួច ចំរើន ចេញប្រកាសបកស្រាយពុំទាន់ទេ កុំអីផ្អើលព័ត៌មាននេះពេញបណ្ដាញ Facebook នឹងមានការតតាំងគ្នាទៅ លើរឿងនេះជាពុំខាន»។
សម្ដេចធិបតីបញ្ជាក់ថា ទើបនឹងបញ្ចប់ព័ត៌មានក្លែងក្លាយអំពីព័ត៌មានទីមោង ស្រាប់២ថ្ងៃក្រោយបានចេញព័ត៌មានមួយទៀត អំពីការធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយថា មានការនាំថយន្ដតាកស៊ីអគ្គិសនីវៀតណាមមកកម្ពុជា ទាំងដែលព័ត៌មាននេះ បានបញ្ជាក់តាំងតែពីចុងឆ្នាំមុនថា មិនមានការរនាំថយន្ដតាកស៊ីអគ្គិសនីវៀតណាមមកកម្ពុជានោះឡើយ។ ដើម្បីបញ្ជាក់អំពីរឿនេះ ឲ្យបានច្បាស់លាស់ជូនប្រជាពលរដ្ឋ សម្តេចបានឆែកទៅគ្រប់ក្រសួង ស្ថាប័ន ក្រែងមានការយល់ច្រឡំផ្នែកណាមួយ ផ្សព្វផ្សាយចេញទៅធ្វើឲ្យបងប្អូនយល់ច្រលំ ប៉ុន្ដែនៅពេលស្វះស្វែងសួរនាំទើបដឹងថា រឿងនេះឃើញមានការផ្សព្វផ្សាយពីវិទ្យុ VOD។
សម្ដេចធិបតីថ្លែងបន្ថែមថា «ដូច្នេះសូមបងប្អូនគិតមើលថា នេះជាសិទ្ធិសេរីភាព ឬការបំពុលធ្វើឲ្យប្រជាពលរដ្ឋបារម្ភ ពុំមានអារម្មណ៍នឹងនរ ហើយប្រសិនបើមានការលើគ្នាមកធ្វើបាតុកម្ម នឹងធ្វើឲ្យមានអស្ថេរភាព ទាំងដែលរឿងនេះខ្ញុំបានប្រកាស និងបានដឹងគ្រប់ៗគ្នា។ ចំពោះវិទ្យុមួយនេះ តែងតែធ្វើមិនដឹងមិនលឺ ដោយសារតែរឿងធ្វើមិនដឹងមិនលឺនេះហើយ បានជាក្រសួងព័ត៌មានបានដកហូតអជ្ញាបណ្ណ»។
សម្ដេចធិបតីបានបញ្ជាក់ថា សូម្បីតែនាយករដ្ឋមន្រ្ដីអេស្ប៉ាញ ក៏និយាយពីអំពីព័ត៌មានក្លែងក្លាយនេះ ព្រោះធ្វើឲ្យរញ៉ែរញ៉ៃ ប្រទេសច្រើនណាស់នៅអឺរ៉ុប កាណាដា នៅអាមេរិក គិតពិចារណារឿងព័ត៌មានក្លែងក្លាយនេះ ព្រោះព័ត៌មានក្លែងក្លាយបានបង្កើតបញ្ហា។ មួយទៀតដោយសារតែមាន AI កាន់តែគ្រោះថ្នាក់ AI ធ្វើឲ្យមនុស្សកាន់តែគ្រោះថ្នាក់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ប្រសិនបើយើងមិនដាក់ ឲ្យមានគោលការណ៍កតព្វកិច្ចឲ្យច្បាស់លាស់ រដ្ឋាភិបាលនីមួយៗ មិនមែនតែរដ្ឋាភិបាលកម្ពុជាតែមួយនោះទេ គឺគ្រប់ប្រទេស តែងតែឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាព តែត្រូវគោរពក្នុងសិទ្ធិរបស់អ្នកដទៃ ដើម្បីបានព័ត៌មានពិត កុំចង់កេងចំណេញនយោបាយធ្វើឲ្យល្អក់ធ្វើឲ្យសង្គមមានបញ្ហា។ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនទាំងអស់ថា ប្រសិនបើផ្សាយព័ត៌មានខុសច្រលំ គឺមិនមានបញ្ហានោះឡើយ ព្រោះយើងអាចកែតម្រូវបាន ប៉ុន្ដែអ្នកខ្លះបញ្ចេញព័ត៌មានខុសតែម្ដង និងធ្វើដោយចតនា ក្នុងការកេងចំណេញនយោលបាយ ឬអ្វីមួយ»៕