(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាមានិតឡាវ បានរៀបចំកិច្ចប្រជុំពិនិត្យខ្លឹមសារសេចក្តីព្រាង ស្តីពីកិច្ចសហប្រតិបត្តិការលើកទី១០ រវាងខេត្តទាំង២ នៅព្រំដែន កម្ពុជា-ឡាវ ស្ថិតក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
កិច្ចប្រជុំនេះភាគីកម្ពុជា «ខេត្តព្រះវិហារ» ដឹកនាំដោយលោក ណុប វុធ្ធី អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុកឆែប ដោយឡែកភាគីឡាវ«ខេត្តចំប៉ាសាក់»ដឹកនាំដោយលោក សូម បុតតាគុណ អភិបាលរងខេត្ត និងក្រុមការងារពាក់ព័ន្ធ។
នៅក្នុងឱកាសនោះ លោក ណុប វុធ្ធី បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់ប្រតិភូឡាវ នៃខេត្តចំប៉ាសាក់ទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ។ តាមរយះលោកអភិបាលរងខេត្តចំប៉ាសាក់ លោក គីម រិទ្ធី ក៏បានថ្លែងផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមអបអរសាទរចំពោះលោកអភិបាលចំប៉ាសាក់ ដែលទើបទទួលបានការតែងតាំងថ្មី។
លោក ណុប វុធ្ធី បានថ្លែងថា កិច្ចប្រជុំនាពេលនេះគឺផ្តោតសំខាន់ត្រួតពិនិត្យមើលលើកិច្ចព្រមព្រាងដែលយើងបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំទៅ ថាតើមកដល់ពេលនេះយើងធ្វើដល់ណាហើយ? ជាមួយគ្នានេះឱ្យក្រុមការងារត្រួតពិនិត្យមើល កំណត់ហេតុថ្មី ដែលខេត្តព្រះវិហារនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ។
លោកបញ្ជាក់ថា «មុននឹងយើងព្រាងកំណត់ហេតុថ្មី យើងត្រូវត្រូវពិនិត្យមើលកំណត់ហេតុចាស់សិន ថាតើយើងធ្វើបានអ្វីខ្លះ? យើងនៅសល់អ្វីខ្លះ? ហើយតើយើងត្រូវបន្ថែមអ្វីទៀត? ដើម្បីឱ្យមានការអភិវឌ្ឍតាមព្រំដែននៃប្រទេសយើងទាំង២»។
លោកអភិបាលរងខេត្តព្រះវិហារ ថ្លែងប្រាប់ភាគីឡាវថា កម្ពុជាមកដល់ពេលនេះគឺមានច្រកព្រំដែនអន្តរជាតិ និងច្រកតំបន់ ដោយឡែកចំពោះច្រកព្រំដែនប្រពៃណីគឺបិទអស់ហើយ ប៉ុន្តែដោយសារការយោគយល់ដែលប្រទេសយើងទាំង២ ធ្លាប់ជាមិត្តយូរលង់មកហើយនោះ យើងក៏បានសម្រេចឱ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើទៅតាមប្រពៃណីរបស់គាត់តទៅទៀត។ ប៉ុន្តែទោះយ៉ាងណា យើងកំពុងស្វះស្វែងរកភាពស្របច្បាប់ក្នុងការធ្វើដំណើររវាងកម្ពុជា-ឡាវ ឱ្យបានឆាប់។
លោក ណុប វុធ្ធី បានបញ្ជាក់ថា «ការអភិវឌ្ឍនៅតាមព្រំដែន គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចតែងណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែន ធ្វើកិច្ចសហប្រតិបត្តិការរវាង ខេត្តជាប់ព្រំដែនឱ្យបានល្អ ធ្វើយ៉ាងណាក្នុងទិសដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមព្រំដែនឱ្យកាន់តែប្រសើរ ដូច្នេះហើយការអភិវឌ្ឍព្រំដែនគឺជាទិសដៅចម្បងរបស់រាជរដ្ឋាភិបាល»។
លោកបញ្ជាក់ទៀតថា កិច្ចព្រមព្រាងសហប្រតិបត្តិការរវាងខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ដែលយើងបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំទៅ គឺយើងអនុវត្តបានល្អច្រើនហើយ រវាងខេត្តនិងខេត្ត ស្រុកនិងស្រុក កងកម្លាំងទាំងអស់នៅតាមព្រំដែន ប៉ុន្តែយើងនៅមានចំណុចខ្វះខាតខ្លះដែលយើងត្រូវជជែកគ្នា។
លោកថា កិច្ចព្រមព្រាងនេះគឺយើងត្រូវពិនិត្យរៀងរាល់ឆ្នាំ ដើម្បីអភិវឌ្ឍកិច្ចព្រមព្រាងយើងឱ្យកាន់តែស៊ីជម្រៅ យើងអនុវត្តមួយឆ្នាំកន្លងទៅ ភាគីកម្ពុជា និងភាគីឡាវ ដឹងរៀងខ្លួនហើយ ថានៅមានចំណុចណាដែលខ្វះខាត និងចំណុចណាដែលត្រូវបន្ថែម និងចំណុចណាដែលត្រូវដកចេញ ធ្វើយ៉ាងណាឱ្យព្រំដែនមានសន្តិភាព ដើម្បីបង្ករលក្ខណៈឱ្យបងប្អូនយើងរស់នៅតាមព្រំដែន ដែលយើងមានពាក្សស្លោកមួយថា៖ «បងប្អូនល្អ អ្នកជិតខាងល្អ ត្រូវចេះស្រឡាញ់រាប់អានគ្នា»៕