Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកដល់សត្វពាហនៈ ក្នុងស្រុកកងមាស

18-07-2024 12:19

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក ដល់សត្វពីហនៈ ជូនប្រជាកសិករក្នុងភូមិអូរកណ្ដាល ឃុំព្រែកក្របៅ ស្រុកកងមាស។

លោកអភិបាលខេត្ត បានថ្លែងក្នុងឱកាសនោះថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វពាហនៈ នាពេលនេះ គឺក្នុងគោលបំណង ដើម្បីការពារជំងឺឆ្លង ជាពិសេសទប់ស្កាត់កុំឱ្យមានជំងឺសារទឹក កើតឡើងដល់សត្វពាហនៈរបស់ប្រជាកសិករយើង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការចិញ្ចឹមសត្វពាហនៈរបស់ប្រជាកសិករយើង គឺមិនត្រឹមតែមានប្រយោជន៍សម្រាប់ភ្ជួរ រាស់ ប៉ុណ្ណោះទេ ដោយពួកគាត់ក៏អាចទទួលផលប្រយោជន៍ ពីការលក់សាច់សត្វពាហនៈទាំងនោះផងដែរ។

ម្យ៉ាងទៀត តាមរបាយការណ៍របស់មន្ទីរកសិកម្ម បញ្ជាក់ថា ខេត្តកំពង់ចាម មានការនាំសាច់ចេញទៅក្រៅខេត្តច្រើនជាងខេត្តដទៃ ដើម្បីលក់នៅទីផ្សារផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ។ ដូច្នេះការផ្គត់ផ្គង់សាច់សត្វទៅខាងក្រៅនេះ ដើម្បីឲ្យទទួលបាន គុណភាព ការគាំពារផ្នែកសុខភាព គឺប្រជាកសិករយើងចាំបាច់ត្រូវតែការពារសុខភាពសត្វ ដើម្បីធ្វើឲ្យសាច់សត្វមានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលទទួលទាន។

លោកអភិបាលខេត្ត បានរំលឹកថា កាលពីឆ្នាំមុន សម្រាប់ស្រុកកងមាស ធ្លាប់មានបញ្ហា សត្វពាហនៈកើតជំងឺសារទឹក។ ចំពោះឆ្នាំនេះ នៅក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ក៏មានបញ្ហាជំងឺនេះកើតទៅលើសត្វក្របី ចំនួន៧ក្បាល ប៉ុន្តែប្រការនេះ ត្រូវបានមន្ត្រីជំនាញពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្ត ចុះទៅពិនិត្យនិងព្យាបាល សង្គ្រោះបានទាន់ពេលវេលា នឹងត្រូវបានបិទបញ្ចប់នៅស្រុកស្រីសន្ធរនោះ មិនមានការឆ្លងរាលដាលទៅតំបន់ផ្សេងៗ នោះទេ។

លោកអភិបាលខេត្ត បានយកឱកាសនោះ ផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយសារបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល បង្ករឲ្យមានជំងឺច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវការពារបឋម ដោយចាក់វ៉ាក់សាំង ឬ រស់នៅស្អាត មានអនាម័យល្អ ហើយប្រសិនបើប្រជាពលរដ្ឋមានជំងឺ សូមប្រញ៉ាប់ទៅពិគ្រោះ និងព្យាបាលនៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា៕