(សៀមរាប)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងថា ឆ្នាំទី១នៃការកាន់តំណែង សម្ដេចចុះផ្ទាល់តាមក្រសួងស្ថាប័ន ដើម្បីបូកសរុបការងារ ប៉ុន្ដែចាប់ពីឆ្នាំទី២ទៅ សម្ដេចនឹងលែងចុះតាមក្រសួងស្ថាប័នច្រើនទៀតហើយ ចុះតែក្រសួងសំខាន់ៗប៉ុណ្ណោះ ក្រៅពីនោះទុកឱ្យឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអ្នកទទួល។
សម្តេចបញ្ជាក់ថា ចាប់ពីឆ្នាំទី២ទៅ សម្តេចនឹងចុះតាមមូលដ្ឋានច្រើន ដើម្បីពិនិត្យមើលលទ្ធផលជាក់ស្តែង នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកាសដាក់ចេញ ពិសេសវិស័យអាទិភាពមួយចំនួន។
ការថ្លែងរបស់សម្តេចធិបតីធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ កក្កដា ២០២៤។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមួយឆ្នាំដំបូង ខ្ញុំពាក់ក្រវាត់កច្រើនណាស់ ហើយទម្លាប់ខ្ញុំនេះមិនចូលចិត្តប៉ុន្មានទេ តែឆ្នាំទី១ ខ្ញុំចំណាយពេលច្រើននៅរដ្ឋបាលលើ ដោយសារត្រូវចេញទៅក្រៅប្រទេស ត្រូវទទួលបដិសណ្ឋារកិច្ច ត្រូវប្រកាសដាក់គោលនយោបាយ ត្រូវចុះតាមក្រសួងបូកសរុប ឆ្នាំទី១ ដើម្បីឱ្យស្គាល់ តែឆ្នាំទី២ទៅ ខ្ញុំអត់ចុះទេ ខ្ញុំចុះតែក្រសួងណាសំខាន់ៗប៉ុណ្ណោះ ហើយចាប់ឆ្នាំទី២ទៅ ជាឆ្នាំដែលចុះតាមដានត្រួតពិនិត្យ នៃការដាក់ចេញនូវគោលនយោបាយ ដែលបានដាក់ចេញកាលពីឆ្នាំទី១ ចុះទៅឆែកដល់មូលដ្ឋានតែម្តង»។
សម្តេចនាយករដ្ឋមន្ត្រី បានណែនាំដល់រដ្ឋមន្ត្រីតាមបណ្តាក្រសួងស្ថាប័ន ត្រូវត្រៀមឆ្លើយបតនូវលទ្ធផលការងារជូនសម្តេច ហើយសម្តេចនឹងចុះពិនិត្យមើលដោយផ្ទាល់ នៅតាមមូលដ្ឋាន ដោយមិនជូនដំណឹងជាមុននោះឡើយ៕