(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) បានអញ្ជើញសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន៣៥នាក់ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC)។
និស្សិតទាំង៣៥នាក់ខាងលើ ក្នុងនោះស្រី២៥នាក់ បានប្រឡងជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង នៃសាកលវិទ្យាល័យ Dar al-Hikmah (KDH) ប្រទេសម៉ាឡេស៉ី សហការ ជាមួយCMDF និងសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) ហើយពួកគេនឹងចេញដំណើរទៅប្រទេសម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ២០២៤ខាងមុខ។
ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាកលវិទ្យាល័យ Dar al-Hikmah ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីឲ្យពួកគេមានឱកាសកាន់តែទូលំទូលាយក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ហើយនេះគឺជាការចូលរួមដ៏ធំធេង ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិតបានលើកទឹកចិត្តដល់និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រយកចំណេះដឹងនៅទីនោះ ឲ្យអស់ពីសមត្ថភាព និងត្រូវពង្រឹងភាសាម៉ាឡេស៊ី ឲ្យបានល្អប្រសើរ ដើម្បីត្រឡប់មកវិញនាំនូវចំណេះដឹងទាំងអស់នោះ មកចូលរួមជួយអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាប្រទេសជាតិទាំងមូល។
ទន្ទឹមគ្នានេះ លោកបណ្ឌិត បានផ្តាំផ្ញើដល់និសិ្សតទាំងអស់ ត្រូវកសាងទំនាក់ទំនងល្អជាមួយបណ្តាសិស្សផេ្សងៗទៀត ជាពិសេសត្រូវរក្សាឥរិយាបទ អាកប្បកិរិយា និងត្រូវគោរពនូវរាល់បទបញ្ជារបស់សាកលវិទ្យាល័យឲ្យត្រឹមត្រូវអំឡុងពេលសិក្សា នៅសាកលវិទ្យាល័យខាងលើ។
និស្សិតទាំងអស់ បានជ្រើសរើស លើមុខជំនាញផ្សេងៗ មានដូចជា ចិត្តសាស្រ្ត បង្រៀនកម្រិតមត្តេយ្យ គណនេយ្យ អ៊ូសូលុទទីន (មូលដ្ឋានគ្រិះនៃសាសនា) ហូកុមស្សារីអះ (ច្បាប់ឥស្លាម) និងប្រឹក្សាយោបល់ ខណៈពួកគេនឹងសិក្សានៅទីនោះរយៈពេល២ឆ្នាំកន្លះ។
សូមជម្រាបជូនថា ក្នុងឱកាសសំណេះសំណាលខាងលើ ឯកឧត្តមបណ្ឌិតក៏បានប្រគល់លិខិតបញ្ជាក់ទទួលនិស្សិត និងលិខិតឆ្លងដែនដល់និសិ្សតផងដែរ។ អាហារូបករណ៍នេះមានផ្តល់ជូន ដូចជា ថ្លៃសិក្សា ថ្លៃវីសារ អាហារប្រចាំថ្ងៃ ការស្នាក់នៅ និងសំបុត្រយន្តហោះ៕