(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងការរកឃើញសម្បុកក្រពើភ្នំសរុបចំនួន៥ នៅឧទ្យានជាតិជួរភ្នំក្រវាញ។
តាមរយៈសេចក្តីប្រកាសនោះបានឱ្យដឹងថា កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុក ក្រពើភ្នំសរុបចំនួន៥សំបុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។
សំបុកទាំង៥នោះ មានពងសរុបចំនួន ១០៦គ្រាប់ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមានចំនួន៦៦គ្រាប់។ សំបុកទាំងនោះត្រូវបានយាមការយ៉ាងម៉ត់ចត់ពីមន្ត្រីឧទ្យានុរក្ស និងសំណាក់សហគមន៍ មូលដ្ឋាន។ ជាលទ្ធផលកូនក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យក្នុង ចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
ការរកឃើញនេះបានបង្ហាញថា តំបន់នេះគឺជាជម្រក ដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ជាក្តីសង្ឃឹមដល់ការកើនឡើងនៃប្រភេទសត្វនេះនៅក្នុង ធម្មជាតិ។
គួរបញ្ជាក់ផងដែរថា សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួន ប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមាន សត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន៖