(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងថា ដើម្បីសម្រួលដល់ការមកដល់នៃភ្ញៀវទេសចរ តាមច្រកទ្វារអន្តរជាតិ សម្តេចបានកំណត់ទុករយៈពេល១ខែ ឱ្យក្រសួងស្ថាប័ន្ថពាក់ព័ន្ធ រៀបចំផ្គុំបញ្ចូលគ្នាតែមួយ លើការបំពេញបែបបទសុខាភិបាល អន្តោប្រវេសន៍ និងគយ លើប្រព័ន្ធអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារនេះសម្តេចបានដាក់ចេញ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដែលជាកិច្ចប្រជុំដាក់ទិសដៅជាក់ស្តែង ពាក់ព័ន្ធវិស័យទេសចរណ៍។
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ កក្កដា ២០២៤។
សម្តេចបានថ្លែងថា «ប្រជុំថ្ងៃនោះ ខ្ញុំដាក់គោលដៅច្រើនណាស់ ទី១រៀបចំប្រព័ន្ធ E-Arrival របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រោះអន្តោប្រេសន៍គាត់បានធ្វើប្រព័ន្ធមួយ អង្កាល់មុនចុះមកត្រូវបំពេញឯកសារលើក្រដាស់បន្តកន្ទុយ ឥឡូវធ្វើតាមអនឡាញ ដល់ប្រជុំសួរទៅថាមានបី មានគយ មានសុខាភិបាល និងអន្តោប្រវេសន៍ ខ្ញុំថាឱ្យមួយខែ ធ្វើឱ្យចេញ ផ្គុំទាំងសុខាភិបាល ទាំងអន្តោប្រវេសន៍ ទាំងគយជាមួយគ្នា ជាទម្រង់មួយ ដាក់មកតែមួយ តាមប្រព័ន្ធអ៉ីនធឺណេត តែម្តង»។
សម្តេចបញ្ជាក់ថា សម្រាប់ការបង់លុយថ្លៃវីសាជាដើម ត្រូវបានអនុញ្ញាតឱ្យបង់តាមប្រព័ន្ធអនឡាញ មិនចាំបាច់ឱ្យភ្ញៀវត្រូវតម្រង់ជួរបង់លុយតទៅទៀតទេ។ សម្តេចសង្កត់ធ្ងន់ថា ធ្វើយ៉ាងនេះ ដើម្បីសម្រួលដល់ការធ្វើបដិសណ្ឋារកិច្ច ជូនភ្ញៀវទេសចរ នៅតាមព្រលានយន្តហោះឱ្យរលូនល្អ៕