(សៀមរាប)៖ ថ្លែងចេញពីខេត្ដសៀមរាបនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យសិក្សាទម្លាក់តម្លៃចំណតយន្ដហោះ នៅរដូវទេសចរណ៍ទាប (Low season) ហើយរដ្ឋាភិបាល សុខចិត្ដខាតចំណូលមួយចំនួន។

ការណែនាំបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កាត់បន្ថយ​ចំណាយរបស់ព្រលានដល់យន្តហោះ កាលមុនហោះមកយើងមានសួយសារ ចឹងខ្ញុំឲ្យកាត់ពាក់កណ្ដាល ហើយនៅសល់ប៉ុន្មាន យើងគិតគូរមើល បើយន្ដហោះណា ដឹកភ្ញៀវបានលើសពី៨០ភាគរយ ទម្លាក់យ៉ាងម្ដេចឲ្យកាន់តែទាប»

លើសពីនោះទៀតសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជានៅរដូវកាលទេសចរណ៍ទាប (Low season) ឬក៏យន្ដហោះថ្មីមក ត្រូវគិតគូរពិចារណាជួយរប្រៀបម្ដេច ឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យតម្លៃចុះចតទាប និងតម្លៃសំបុត្រទាប ហើយរដ្ឋាភិបាល ចុះចិត្ដខាតចំណូលមួយចំនួន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកថា កន្លងទៅបានចរចា ជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្ដហោះថ្មី នៅខេត្តសៀមរាប កុំយកលុយថ្លៃធ្វើដំណើរ លើផ្លូវពីព្រលានយន្ដហោះ មកកាន់ផ្លូវជាតិលេខ៦ ដែលជាគម្រោង BOT ផងដែរ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​បានណែនាំឲ្យរៀបចំផែនការ សម្រាប់ឆ្នាំ២០២៥ ដើម្បីដាក់ចេញទិសដៅទាក់ទាញទេសចរណ៍ មកកាន់ខេត្តសៀមរាប ទាំងរដូវទេសចរណ៍ច្រើន និងរដូវទេសចរណ៍ទាប។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រៀបថា «មិនត្រូវដេកចាំទឹកភ្លៀងទេ ត្រូវរៀបចំអាងស្ដុកទឹក»

បើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, មុនដំណាក់កាលកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញទិសដៅទេសចរណ៍១១លាននាក់ តែទទួលបានត្រឹម៧លាននាក់ ដូច្នេះត្រូវខិតខំប្រឹងប្រែងបន្ដទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យដាក់ចេញវិធានការជាបន្ដបន្ទាប់ នៅរដូវកាលទេសចរណ៍ទាប ដូចជាការបញ្ចុះតម្លៃសំបុត្រ ចូលទស្សនាអង្គរជាដើម។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់ពីខែមិថុនា ជារដូវកាលទេសចរណ៍ទាប៕