Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យភ្ជាប់តំបន់ទេសចរណ៍សំខាន់ៗពីប្រទេសជិតខាង ដើម្បីហោះហើរត្រង់មកខេត្តសៀមរាប (Video inside)

18-07-2024 11:22

(សៀមរាប)៖ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកលេងនៅប្រទេសកម្ពុជា ជាពិសេសគោលដៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យមានការភ្ជាប់ជើងហោះហើរពីតំបន់ទេសចរណ៍សំខាន់ៗពីប្រទេសជិតខាង ដើម្បីហោះហើរត្រង់មកកាន់ខេត្តសៀមរាប។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូចនេះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសដដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

សាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយ ១,០៣៩,៦៦០.៧៩ ដុល្លារអាមេរិក (មិនរាប់បញ្ចូលការរចនាទូតាំង និងការលំអ ខាងក្នុងអគារ) ដោយប្រើប្រាស់រយៈពេល២៤ខែ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូនេះថា «យើងបានចរចាបើកច្រកជាមួយឥណ្ឌា ហោះទៅ ហោះមក តែយើងក៏ត្រូវយកច្រកពីតំបន់ផ្សេងៗផងដែរ ចឹងបានខ្ញុំទៅម្សិលម្ង៉ៃបានជួបទូតហ្វីលីពីន បានស្នើឱ្យបើកច្រកកោះទេសចរណ៍សេប៊ូ ភ្ជាប់មកខេត្តសៀមរាប បើកពីឡាំងហ្គ្រាវី នៅម៉ាឡេស៉ី មកសៀមរាប ភ្ជាប់ពីកោះចេជូ របស់កូរ៉េ មកសៀមរាប ភ្ជាប់ពីភូកេត របស់ថៃ មកសៀមរាបផ្ទាល់ ហើយយើងក៏ពុងចរចារបន្ថែមទៀត»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា «យើងនៅតែបន្តចរចាប​ន្ថែមទៀត ហើយធ្វើយ៉ាងណាកុំចាំបាច់ត្រូវហោះទៅភ្នំពេញសិន ហើយចាំបន្តទៅសៀមរាប យើងត្រូវបើកត្រង់ទៅសៀមរាបតែម្តង។ ឥឡូវនេះយើង​បើកជើងមេឃហើយ ដូចនេះយើងត្រូវតែដាក់គោលដៅទេសចរណ៍ឱ្យបានច្រើនបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ»

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យសិក្សាកាត់បន្ថយតម្លៃរបស់ចំណតយន្ដហោះ ក្នុងនោះបើសិនយន្តហោះណាអាចដឹកបានភ្ញៀវទេសចរលើសពី៨០ភាគរយ នឹងបញ្ចុះតម្លៃឱ្យកាន់ទាបបន្ថែមទៀត។ ជាមួយគ្នានោះនៅរដូវកាល ទេសចរណ៍ទាប បើសិនមានយន្តហោះថ្មីមក នឹងជួយបន្ថែមទៀតដើម្បីឱ្យតម្លៃយន្តហោះចុះចតកាន់តែថោក ហើយធ្វើឱ្យតម្លៃសំបុត្រយន្តហោះត្រឡប់ទៅវិញកាន់តែថោកផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រដ្ឋនឹងកាត់បន្ថយអ្វីដែលអាចធ្វើទៅបាន ហើយរដ្ឋសុខចិត្តខាតចំណូលមួយចំនួន ដើម្បីធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរចូលមកឱ្យបាន៕