(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំមួយ ដោយបង្គាប់ឱ្យគណៈកម្មាធិការ ព្រំដែនកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណាថែរក្សា និងប្រមូលបង្គោលព្រំដែន ចាស់ៗរបស់កម្ពុជា ដែលបានបោះមុននិងក្រោយទស្សវត្សឆ្នាំ១៨៧០ ឱ្យគង់វង្ស ដើម្បីទុកឱ្យកូនចៅខ្មែរ ជំនាន់ក្រោយបានឃើញ។
តាមរយៈសារាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែល Fresh News ទទួលបាននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោបានណែនាំចំនួន ៥ចំណុចដូចជា៖
១. គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចាំបាច់ត្រូវថែរក្សាបង្គោលព្រំដែនចាស់ទាំងឡាយនោះ ឱ្យបានគង់វង្ស ទោះបីជាមានសភាពទ្រុឌទ្រោមយ៉ាងណាក៏ដោយ។
២. គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ត្រូវសហការជាមួយនឹងអាជ្ញាធរដែនដីលំដាប់ថ្នាក់រក្សាទុកបង្គោលព្រំដែនចាស់ដែលបាក់ចេញពីគ្រឹះរបស់វា នៅកន្លែងមួយដែលមានសុវត្ថិភាព ដើម្បីទុកឱ្យប្រជាពលរដ្ឋទូទៅបានឃើញ និងស្គាល់។
៣. ក្នុងករណីដែលបង្គោលចាស់ទាំងនោះ បាក់ចេញពីគ្រឹះដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រង់របស់កម្ពុជា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន មានភារកិច្ចធ្វើការចរចាជាមួយភាគីវៀតណាម ស្នើយកបង្គោលព្រំដែនទាំងនោះ មករក្សាទុកនៅកម្ពុជាវិញ។
៤. គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមនឹងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ត្រូវសហការគ្នាដើម្បីស្វែងរកបង្គោលព្រំដែនចាស់ដែលនៅសេសសល់ ដើម្បីប្រមូល ឬចងក្រទុកជាឯកសារស្រាវជ្រាវ។
៥. អាជ្ញាធរដែនដី ស្ថាប័ន្ធពាក់ព័ន្ធ និងប្រជាពលរដ្ឋ ត្រូវសហការជាមួយនឹងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដើម្បីថែរក្សា និងការពារបង្គោលព្រំដែនដែលប្រទេសទាំងពីរបានឯកភាពគ្នាបោះលើជាក់ស្តែងរួចហើយ ឱ្យបានឋិតឋេរគង់វង្សតរៀងទៅ៕
ខាងក្រោមនេះគឺជាសារាចររបស់សម្តេចតេជោ ហ៊ុន សែន៖