(សៀមរាប)៖ ក្រោយមានព័ត៌មានផ្សព្វផ្សាយថា ខេត្តសៀមរាប មិនមានភ្ញៀវទេសចរមកកម្សាន្ត, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហើបថា សម្តេចបានបញ្ជូនក្រុមការងារពិសេស ដើម្បីពិនិត្យស្ថានភាពទេសចរណ៍ នៅខេត្តមួយនេះ ទាំងដែលអភិបាលខេត្តមិនដឹងខ្លួនផង។ ប៉ុន្តែសម្តេចបានបញ្ជាក់ និងសរសើរអភិបាលខេត្តថា អ្វីដែលសម្តេចបានទទួលព័ត៌មានពេលជួបផ្ទាល់ជាមួយបងប្អូនដែលរកស៊ីនៅតំបន់ Pub Street គឺដូចនឹងរបាយការណ៍ដែលអភិបាលខត្ត បានដាក់ជូនសម្តេច។
ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆមាសទី១ ឆ្នាំ២០២៤ បើគិតពីភ្ញៀវទេសចរដែលចូលតាមច្រកព្រលានយន្ដហោះអន្តរជាតិ មានចំនួន ៣១ម៉ឺននាក់ បើធៀបនៅឆមាសទី១ ឆ្នាំ២០២៣ មានការកើន ហើយរបាយការណ៍ចំនួនទេសចរណ៍ គឺជាមូលដ្ឋានត្រូវស្វែងយល់។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេចតែងតែទទួលបានរបាការណ៍ពីស្ថានភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាប់ជាប្រចាំពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងពីវិស័យឯកជន តាមរយៈការជួបដោយផ្ទាល់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «របាយការណ៍ គឺជារបាយការណ៍ ខ្ញុំក៏មានក្រុមចុះមកធ្វើដែរ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អត់ដឹងទេ ព្រោះកិច្ចការងារអីខ្ញុំតែងតែបញ្ជូនឱ្យខេត្តហើយ ខ្ញុំបញ្ជូនបណ្តាញខ្ញុំទៅមើលទៀត ឬមួយយុវជននៅទីតាំងផ្ទាល់ ដើម្បីសួរនាំ និងស្រាយបញ្ហា»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការបញ្ជូនក្រុមការងារពិសេសចុះផ្ទាល់នៅតាមទីតាំងមានបញ្ហា គឺមិនមែនសម្តេចមិនទុកចិត្តលើមន្ត្រីមូលដ្ឋាននោះទេ ប៉ុន្តែ ត្រូវការផ្ទៀងផ្ទាត់ជាមួយនឹងរបាយការណ៍របស់មន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋានជាដើ។
ទន្ទឹនឹងនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទម្លាយថា សម្ដេចបានចុះដោយផ្ទាល់នៅតំបន់ Pub Street នៅខេត្តសៀមរាប នារាត្រីថ្ងៃទី ១៧ កក្កដា ២០២៤ ដើម្បីស្ដាប់ពីបញ្ហាប្រឈមជាក់ស្ដែងរបស់វិស័យទេសចរណ៍ ពិសេសដើម្បីស្វែងយល់ឱ្យច្បាស់នូវទិន្នន័យភ្ញៀវទេសចរ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ណែនាំឱ្យរៀបចំកន្លែងផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍នៅខេត្តសៀមរាប ដូចជាការជិះទូក និងការលេងកម្សាន្ដអចិន្ដ្រៃយ៍។ សម្តេចថាតាមរយៈការសាកសួរអាជីវករ ចាប់ពីខែតុលាតទៅ នឹងមានទេសចរណ៍កើនឡើង ខណៈព័ត៌មាននេះស៉ីសង្វាក់គ្នាជាមួយរបាយការណ៍ដែលអភិបាលខេត្តរាយការណ៍ទៅសម្ដេច។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហើបថា សម្តេចនឹងជួបជាមួយប្រជាពលរដ្ឋផ្ទាល់ ដែលកំពុងប្រកបអាជីវកម្មនៅតាមហាង ក្រៅតំបន់ផាប់ស្ដ្រីត ដោយមិនជូនដំណឹងជាមុនផងដែរ៕