(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរាជរដ្ឋាភិបាលលុបអនុក្រឹត្យមួយដែលតម្រូវឱ្យភ្ញៀវទេសចរមកកម្ពុជាត្រូវសម្រាក១យប់យ៉ាងតិច ខណៈអនុក្រឹត្យចាស់នេះត្រូវបានដាក់ចេញ ឱ្យអនុវត្តតាំងពីឆ្នាំ១៩៩៨។ ការសម្រេចនិរាករណ៍អនុក្រឹត្យចាស់នេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។
ការថ្លែងបែបនេះក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានញ្ជាក់ថា សម្ដេចបានចេញគោលការណ៍ឱ្យនិរាករណ៍អនុក្រឹត្យមួយតាំងពីឆ្នាំ១៩៩៨ ដែលតម្រូវឱ្យភ្ញៀវទេសចរដែលមកកម្ពុជា ត្រូវតែសម្រាកយ៉ាងហោច១យប់។ ភ្ញៀវទសចរខ្លះ នៅពេលឃើញការតម្រូវនេះហើយ បែរជាប្ដូរចិត្តមិនមកកម្ពុជាវិញ ហើយពេលខ្លះក៏មានបញ្ហាទៀត ដូច្នេះសម្ដេចក៏បានចេញគោលការណ៍ឱ្យលុបអនុក្រឹត្យឆ្នាំ១៩៩៨នោះចេញវិញ។
សម្ដេចបន្តថា ការដាក់ចេញអនុក្រឹត្យកាលពីឆ្នាំ១៩៩៨នោះ គឺមានហេតុផលត្រឹមត្រូវ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ការធ្វើដំណើរទៅមកកម្ពុជានិងបរទេស គឺស្រួលជាង៣០ឆ្នាំមុន។ ភ្ញៀវទេសចរខ្លះគាត់គ្រាន់តែចង់ឆៀងចូលមកកម្ពុជា១ថ្ងៃ ឬតិចជាង១ថ្ងៃ ហើយមានកិច្ចការប្រញាប់ត្រឡប់ទៅវិញ ដូច្នេះមិនអាចឃាត់គាត់បាននោះទេ។
សម្ដេចធិបតីថ្លែងយ៉ាងដូច្នេះថា «ភ្ញៀវខ្លះគាត់ចង់មកកម្ពុជាពេលព្រឹក ល្ងាចត្រឡប់ទៅវិញ ដូច្នេះចាំបាច់អីត្រូវឃាត់គាត់ អីចឹងបានបានខ្ញុំឱ្យនិរាករណ៍អនុក្រឹត្យនោះចេញវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ»។
សម្ដេចធិបតីបានបន្តទៀតថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ សម្ដេចធិបតីបានដឹកនាំកិច្ចប្រជុំរៀបចំក្រុមប្រឹក្សាភិបាលទីផ្សារនិងផ្សព្វផ្សាយកម្ពុជា ដោយសម្ដេចបានសម្រេចចេញគោលការណ៍មួយចំនួនដល់ភាគីពាក់ព័ន្ធរដ្ឋនិងឯកជន សំដៅរៀបចំផែនការយ៉ាងណាទាក់ទាញភ្ញៀវទេសចរមកកាន់ទស្សនាកម្ពុជា ពិសេសគឺគោលដៅទេសចរណ៍ខេត្តសៀមរាប ចាប់ពីរដូវ Hight season នៃឆ្នាំ២០២៤ និងពេញមួយឆ្នាំនៃឆ្នាំ២០២៥ ទាំងរដូវ Low season និងរដូវ Hight season។
ក្នុងចំណោមគោលការណ៍ទាំងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវគោលការណ៍មួយចំនួន ដូចជាប្រព័ន្ធ E-arrial របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រៅពីនេះនៅមានបែបទរបស់អគ្គនាយកដ្ឋានគយ និងសុខាភិបាល។ សម្ដេចបានចេញគោលការណ៍ណែនាំឱ្យស្ថាប័នទាំង៣ ដែលមានអន្តោប្រវេសន៍ គយ និងសុខាភិបាលនេះត្រូវរៀបចំជាទម្រង់តែមួយ ហើយអនុញ្ញាតឱ្យភ្ញៀវទេសចរបំពេញតាមអនឡាញជាមួយគ្នា។ ម្យ៉ាងទៀត ការបង់ប្រាក់ក៏ត្រូវសម្រួលរៀបចំឱ្យភ្ញៀវទេសចរអាចបង់តាមអនឡាញបានដូចគ្នា។ សម្ដេចធិបតីបានបញ្ជាក់ថា ការកែសម្រួលលក្ខខណ្ឌទាំងនេះ គឺជាការកែសម្រួលបដិសណ្ឋារកិច្ចមុនគេនៅអាកាសយានដ្ឋានអន្តរជាតិ៕