(សៀមរាប)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សង្គ្រាមមិនត្រឹមតែធ្វើឱ្យមានបែកបាក់និរាសព្រាត់ប្រាសមនុស្សទេ តែសម្បត្តិវប្បធម៌បេតិកភណ្ឌក៏ត្រូវបែកបាក់ និងត្រូវបានលួចយកទៅប្រទេសខាងក្រៅថែមទៀតផង ដូច្នេះត្រូវរក្សាឱ្យបានសុខសន្តិភាព។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណេត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ។
សម្តេចេធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានតែសន្តិភាពប៉ុណ្ណោះដែលអាចនាំមកនូវសេចក្តីសុខគ្រប់បែបយ៉ាង ហើយសង្គ្រាម និងជម្លោះបែកបាក់ ជាប្រភពនៃសេចក្តីវិនាសហិនហោច និងសោដនាដកម្មសម្រាប់ជាតិ និងប្រជាជនទោះជាកើតឡើងក្រោមហេតុផលអ្វីក៏ដោយ។
ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្បត្តិវប្បធម៌ខ្មែរបាត់បង់ដោយសារសង្គ្រាម និងជំនួញវត្ថុបុរាណកាលពីអតីតកាល ហើយជាងមួយទស្សវត្សនេះអ្នកស្លាប់ដោយសារមីនមានការថតចុះ ក្នុងរង្វង់១០០នាក់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកថា ប៉ុន្មានខែកន្លងទៅ មន្ដ្រីរាជការខេត្តព្រះវិហារម្នាក់រងគ្រោះបាត់បង់ជីវិតដោយសារមីនតោន។ ទន្ទឹមនឹងនេះដែរ ទឹកដីកម្ពុជា នឹងលែងបាត់បង់ដោយសារសង្រ្គាម ប៉ុន្ដែនៅចរចារជាមួយប្រទេស ជិតខាងរឿងព្រំដែនបន្ដទៀត។ ខណៈប្រាង្គប្រាសាទខ្មែរ នឹងលែងខ្ទេចខ្ទាំដោយសារសង្រ្គាម ផ្ទុយទៅវិញ គឺមានតែការជួសជុលកែលម្អឡើងវិញ ព្រមទាំងការចុះបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីឱ្យបរទេសជួយថែរក្សាការងារ សម្បត្តិវប្បធម៌ជាតិខ្មែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២៤ កម្ពុជាប្រមូលបានវត្ថុបុរាណ និងរូបសំណាក ពីបរទេសចំនួន១០៩៨ដុំ ត្រឡប់មកវិញ និងថ្លែងអំណរគុណបណ្ដាប្រទេសនានា ដែលប្រគល់រូបសំណាកមកកម្ពុជាវិញ ដើម្បីផ្គុំចូលកន្លែងដើមផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែយ៉ាងដូច្នេះថា៖ «អ៊ឹចឹងសង្គ្រាមមិនមែនធ្វើឱ្យមនុស្សបែកបាក់ទេ សូម្បីតែរូបសំណាក់ក៏បែកបាក់ដែរ ឥឡូវយើងបានយកមកវិញ កន្លែងយើងរៀបផ្គុំកន្លែងដើមតាមបច្ចេកវិទ្យា និងទុកនៅសារមន្ទីរ។ តែនេះប្រាប់យើងថា សង្គ្រាមវាអ៊ីចឹង វាបែកបាក់មិនត្រឹមតែមនុស្សទេតែព្រលឹងដូនតានៅក្នុងថ្មី ក៏ត្រូវហែកគ្នា ឥឡូវយើងចប់សង្គ្រាម យើងយកមកវិញ មកជុំគ្នានៅលើទឹកដីអង្គររបស់យើង នេះជាមោទនភាពនៃសន្តិភាព»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វត្ថុបុរាណដែលលក់ដេញថ្លៃនៅក្រៅប្រទេសមានតម្លៃរហូតដល់រាប់លានដុល្លារ តែកម្ពុជាត្រូវតែប្រើប្រាស់គ្រប់លទ្ធភាពដើម្បីយកត្រឡប់មកវិញ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានទទូចឱ្យរួមគ្នាថែទាំ អភិវឌ្ឍ និងអភិរក្សសម្បត្តិវប្បធម៌ដែលដូនតាបន្សល់ទុក ដើម្បីទាញផលឱ្យកាន់តែសម្បូរបែបបម្រើឱ្យវិស័យទេសចរណ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ត្រូវចាំបាច់បំផុតធានានូវស្ថេរភាព និងសន្ដិភាព ដើម្បីកុំឱ្យបែកបាក់មនុស្ស ទឹកដី និងសម្បត្តិវប្បធម៌ខ្មែរ។ ដូច្នេះ ត្រូវរួមគ្នាការពារឱ្យបានចំពោះសុខសន្តិភាព សន្តិភាពនាំមកនូវអ្វីៗគ្រប់យ៉ាង៕