(ព្រះសីហនុ)៖ លោក ម៉ម សុខដារ៉ា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៅខេត្តព្រះសីហនុ បានលើកឡើងថាមជ្ឈមណ្ឌលរបស់លោក បានចាប់ផ្ដើមធ្វើការភ្ញាស់ និងថែបំប៉នកូនក្ដាមសេះ ហើយបានប្រលែងកូនក្ដាមសេះប្រមាណជាង៦លានកូន ដើម្បីបម្រើដល់ការផ្គត់ផ្គង់ផលិតផលជលផលទៅកាន់ទីផ្សារកាន់តែច្រើនឡើង។
ការលើកឡើងបែបនេះរបស់ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៅខេត្តព្រះសីហនុ ធ្វើឡើងក្នុងឱកាសទទួលដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសមិទ្ធផលគម្រោងក្រោមប្រធានបទ «ការទទួលស្គាល់ក្នុងស្រុក និងជាសកលសម្រាប់ផលិតផលជលផល» ដែលដឹកនាំផ្ទាល់របស់ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងក្នុងដំណើរទស្សនកិច្ចនេះ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្ររូបនេះ បានលើកឡើងថា៖ «នៅឆ្នាំ២០១៥ ឆ្នាំ២០១៦ យើងបានចាប់ផ្ដើមភ្ញាស់ក្ដាមសេះទៅប្រលែងក្នុងធម្មជាតិ ព្រោះដោយសារយើងយល់ថាក្រៅពីការបង្កាត់ភ្ញាស់ត្រីស្ពង់ យើងនៅសល់ចំណីនៅសល់ពេលវេលាច្រើន អ៊ីចឹងយើងក៏ចាប់ផ្ដើមភ្ញាស់និងថែបំប៉នកូនក្ដាមសេះសម្រាប់យកទៅប្រលែងនៅក្នុងសមុទ្រ ដែលក្នុងមួយឆ្នាំៗយើងធ្វើមិនក្រោមពី៥លានកូននោះទេ»។
លោកបានបញ្ជាក់បន្ថែមថា ក្នុងនោះក៏មានការចូលរួមពីខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមជាមួយអង្គការផ្សេងៗទៀតដូចជា អង្គការស៊ីតិច, អធិការដ្ឋានសមុទ្រ និងរដ្ឋបាលជលផលជាដើម។
ជាមួយគ្នានេះ លោកបានបន្តថា ក្រៅពីការភ្ញាស់កូនត្រីស្ពង់ កូនក្ដាមសេះ មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្ម ក៏បានភ្ញាស់កូនក្ដាមថ្មដោយជោគជ័យផងដែរនៅក្នុងឆ្នាំ២០២៤នេះ ដែលការភ្ញាស់នេះធ្វើឡើង៣ដងហើយ ដោយយកមេពូជពីខាងខេត្តកោះកុង និងខាងព្រៃនប់។ លោកបានបញ្ជាក់ថា ក្ដាមថ្មដែលបានភ្ញាស់រួចមិនទាន់អាចយកទៅផ្គត់ផ្គង់នៅទីផ្សារបានទេ ដោយសារគោលបំណងធំរបស់មជ្ឈមណ្ឌលគឺភ្ញាស់ដើម្បីប្រលែងចូលទៅក្នុងធម្មជាតិ តាមព្រៃកោងកាង ហើយលោកក៏បានជ្រើសរើសសហគមន៍មួយចំនួន ដើម្បីចែកដល់ពួកគាត់យកទៅប្រលែងនៅតាមសហគមន៍ផងដែរ។
លោកបានគូសបញ្ជាក់ថា ចាប់ពីពេលដែលមជ្ឈមណ្ឌលបានចែកចាយជូនដល់កសិករ អង្គការ JICA គឺបានយកចិត្តទុកដាក់ខ្លាំង រាប់ចាប់តាំងពីពេលដែលបានចែកចាយត្រីជូនពួកគាត់ ដោយត្រូវតាមដានពីសុខភាព, ជំងឺគ្រប់ប្រភេទ ឬភាពប្រែប្រួលរបស់ត្រី និងអាចធ្វើសម្រង់មតិខ្លះៗពីប្រជាពលរដ្ឋនៅក្នុងសហគមន៍អំពីភាពខុសគ្នារវាងត្រីនៅក្នុងស្រុក និងត្រីនាំចូលពីប្រទេសដទៃ។
បន្ថែមពីនេះ លោក យស ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុបានលើកឡើងផងដែរថា មន្ទីរកសិកម្មខេត្តព្រះសីហនុបានធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ ដើម្បីជួយគាំទ្រដល់ដំណើរការមជ្ឍមណ្ឌលរួមទាំងដោះស្រាយបញ្ហាប្រឈមនានា។
លោកបានសង្កត់ធ្ងន់ថា វារីវប្បកម្មទឹកប្រៃមានសារៈសំខាន់ណាស់ ដោយសារតែប្រភេទត្រីសមុទ្រគឺមានតម្លៃល្អ ហើយសម្រាប់ទីផ្សារក៏មានច្រើនជាពិសេសនៅតាមពិធីបុណ្យ ឬកម្មវិធីផ្សេងៗ តែងតែឃើញមានប្រភេទត្រីស្ពង់ឬអាហារគ្រឿងសមុទ្រនៅលើតុជានិច្ច ប្រជាពលរដ្ឋភាគច្រើនក៏ចូលចិត្តអាហារគ្រឿងសមុទ្រ ដែលជាឱកាសល្អក្នុងការអភិវឌ្ឍន៍លើកិច្ចការទាំងនេះ។
កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការងារវារីវប្បកម្មនេះជាកិច្ចការមួយសំខាន់ណាស់ក្នុងការអភិវឌ្ឍបន្ត ដើម្បីធានានិរន្តភាព សមតុល្យគ្នានូវធនធានជលផលនៅក្នុងធម្មជាតិ បើទោះបីជាធនធានជលផលនៅក្នុងធម្មជាតិ ក្រសួងកសិកម្មបានប្រកាសពីកំណើនក្នុងឆ្នាំនេះក៏ដោយ ក៏ប៉ុន្តែប្រសិនជាមិនមានការចិញ្ចឹមបន្ថែមដើម្បីផ្គត់ផ្គង់ត្រីនៅលើទីផ្សារទេ វាអាចនឹងបង្កជាផលប៉ះពាល់ ខណៈដែលប្រជាជនមានការកើនឡើងតម្រូវការចំណីអាហារ ជាពិសេសអាហារគ្រឿងសមុទ្រក៏កើនឡើងផងដែរ។
អ្នកនាំពាក្យក្រសួងកសិកម្ម បានបន្តថា ត្រីដែលជាវត្ថុធាតុដើមឬផលិតផលជលផល មិនថាទឹកសាបឬទឹកប្រៃទេ មិនមែនមានតែមកពីធម្មជាតិឬចិញ្ចឹមថាបែបធម្មជាតិតែមួយនោះទេ ប៉ុន្តែក៏មានការចិញ្ចឹមបន្ថែមតាមបែបបច្ចេកទេសត្រឹមត្រូវ មានការព្យាបាលត្រឹមត្រូវផងដែរ ដើម្បីគិតគូរដល់សុខភាពអ្នកបរិភោគជារឿងចម្បង ក៏ដូចជាផ្ដល់ទំនុកចិត្តដល់អតិថិជនថែមទៀតផង។
សូមជម្រាបផងថា មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រនៅខេត្តព្រះសីហនុ ត្រូវបានគាំទ្រដោយគម្រោង Capfish-auqa ដែលជាគម្រោងមួយក្នុងចំណោមគម្រោងធំៗរបស់ Capfish ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យជលផលក្រោយប្រមូលផល និងអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតផលជលផល ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ននៃអាជ្ញាធរមានសមត្ថកិច្ច ក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យគុណភាពសុវត្ថិភាពផលិតផលជលផល ជួយគាំទ្រដល់វិស័យឯកជនក្នុងការអភិវឌ្ឍ ការកែច្នៃផលជលផលតាមរយៈការកសាងសមត្ថភាពជំនាញ ការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ ការគាំទ្រថវិកាវិនិយោគ និងការបង្កើតយន្តការគាំទ្រដល់ធុរកិច្ច ធានាបាននូវនិរន្តរភាពសម្រាប់វិស័យនេះ៕