Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តស្ទឹងត្រែង ចុះទៅពិនិត្យស្ពានឈើក្បាលបេតុង ដែលបាក់សសរស្ពាន៤ប្រលោះ ហូរគួចទៅជាមួយកម្លាំងទឹកហូរកន្លងទៅ

17-07-2024 22:02

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងក្រុមការងារ ព្រមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធ រួមដំណើរដោយលោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក និងលោកស្រីមេឃុំ នារសៀលថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២៤ បានអញ្ជើញចុះទៅពិនិត្យស្ពានឈើក្បាលបេតុង ១កន្លែង នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ប្រវែង៥៥ម៉ែត្រ ទទឹង៣,៥០ម៉ែត្រ។

ស្ពានឈើក្បាលបេតុង ខាងលើនេះ បានគួចបាក់សរសរជើងស្ពាន កាលពីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ដោយសារជំនន់ទឹកភ្លៀងហូរជន់ខ្លាំង រួមជាមួយកំណាត់ឈើ និងឬស្សីបានហូរផ្ទប់សរសរស្ពាន បណ្តាលឲ្យបាក់សរសរស្ពាន៤ប្រលោះ ហូរគួចទៅជាមួយកម្លាំងទឹកហូរ ក្នុងពេលបាក់សរសរស្ពាន កំពស់ទឹកខ្ពស់ស្មើក្តារស្ពាន។

ពាក់ព័ន្ធករណីនេះ លោក សរ សុពុត្រា បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានកំពុងរៀបចំរបាយការណ៍ជាក់លាក់ រួមជាមួយសំណើគោរពរាយការណ៍ជូន លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីគោរពស្នើសុំអន្តរាគមន៍បន្ទាន់ ជូនដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការប្រើប្រាស់ស្ពាន និងផ្លូវនោះ។

សូមបញ្ជាក់ថា លោក សរ សុពុត្រា មកកាន់តំណែងទើបបាន១សប្តាហ៍ ប៉ុន្តែលោកបានចំណាយពេល ជាមួយការទទួលខុសត្រូវ យកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការកងកម្លាំង ដើម្បីពង្រឹងការងារ ជួយសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ស្គាល់ពីសុខទុក្ខប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន មន្ត្រីចូលនិវត្តន៍ និងរៀបចំយុទ្ធសាស្ត្រ អភិវឌ្ឍ មូលដ្ឋានឲ្យមានការរីកចម្រើន៕