(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានតម្រូវឱ្យមន្ត្រីរាជការ តាមមន្ទីរជុំវិញខេត្ត អាជ្ញាធរតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមាន សីលធម៌ វិជ្ជាជីវៈ គោរព តាមតួនាទី ភារកិច្ច ជាមួយនឹងការទទួលខុសត្រូវ មានសហការសាមគ្គីភាព ផ្ទៃក្នុង ដើម្បីលើកកម្ពស់ដល់ផលប្រយោជន៍អង្គភាពជាធំ។
លោកអភិបាលថ្លែងបែបនេះ នារសៀល ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ខណៈអញ្ជើញ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ-អង្គភាពជុំវិញខេត្ត។
កម្មវិធីនេះ មានការចូលរួមពីមន្ទីរពាណិជ្ជកម្ម, មន្ទីររ៉ែ និងថាមពល, មន្ទីរឧស្សាហកម្ម, សាខាការពារអ្នកប្រើប្រាស់, មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍, មន្ទីរព័ត៌មាន, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, មន្ទីរធម្មការ និងសាសនា, មន្ទីរមុខងារសាធារណៈ, មន្ទីរបរិស្ថាន, មន្ទីរទសចរណ៍, ពន្ធនាគារ) សរុបចំនួន ២៦៨នាក់ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។
លោកអភិបាលខេត្តបន្តថា ធ្វើយ៉ាងណា រក្សាឱ្យបាន អភិបាលកិច្ចល្អ ដូចជាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ចេះយកចិត្តទុកដាក់រាល់បណ្តឹង សំណូមប្រជាពលរដ្ឋ កុំទុកការងារទាំងនោះ ទៅជាការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ។ លោកក៏បានពាំនាំពាក្យ ជម្រុញឱ្យមន្ត្រីមាន វិន័យ ចូលរួមគោរពទង់ជាតិ និងចេះរៀបចំសម្អាតកន្លែងទីតាំងធ្វើការ ឱ្យមាន អនាម័យល្អ មានសោភ័ណភាព។
ជាពិសេសលោកសង្កត់ណែនាំដល់ មន្ត្រីតាមមូលដ្ឋានចេះពង្រឹងសមត្ថភាព ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ប្រកបដោយ ស្មារតី ឈ្លាសវៃ ចៀសវាង នាំការរំខានដល់ថ្នាក់លើ៕