(ភ្នំពេញ)៖ លោកស្រីពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ ក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអប់រំផ្សព្វផ្សាយ ស្តីពី «ការលើកកម្ពស់ការយល់ដឹងអំពី ភាពជាអ្នកដឹកនាំសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលប្រមាណ ២៥០នាក់។
លោកសាស្រ្តចារ្យជំនួយ អៀង រ័ត្នមុនី សាកលវិទ្យាធិការរង បានឱ្យដឹងថា សកម្មភាពរបស់សាកលវិទ្យាល័យ ក្នុងកិច្ចសហការជាមួយកាកបាទក្រហមកម្ពុជានាពេលកន្លងមក ដោយយោងតាមទិសដៅការងារអាទិភាពឆ្នាំ២០២៤ របស់កាកបាទក្រហមកម្ពុជា ដែលបានអនុម័តដោយមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ មានវិស័យការងារអាទិភាពចំនួន២គឺ «វិស័យអាទិភាពគ្រប់គ្រងគ្រោះមហន្តរាយវិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ និងវិស័យអាទិភាពសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍»។
ដើម្បីចូលរួមចំណែកក្នុងសកម្មភាពអាទិភាពទាំង២ របស់កាកបាទក្រហមកម្ពុជា កន្លងមកសាកលវិទ្យាល័យតែងតែបានសហការយ៉ាងជិតស្និទជាមួយទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងការអនុវត្តការងារជាប្រចាំចំនួន៣ គឺការពង្រីក និងពង្រឹងក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, ការផ្តល់សេវាប្រឹក្សា និងពិនិត្យសុខភាពដោយមិនគិតកម្រៃដល់ប្រជាជនមូលដ្ឋាន និងការពង្រឹង និងពង្រីកវិជ្ជាសង្គ្រោះបឋម ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងក្នុងនាមនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោកសាស្រ្តចារ្យជំនួយបានថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរក្រៃលែង ព្រមទាំងដឹងគុណយ៉ាងជ្រាលជ្រៅប្រកបដោយកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះបញ្ញាញាណដ៏ឈ្លាសវៃ ក្នុងសកម្មភាពប្រកបដោយគុណធម៌ និងមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដឹកនាំក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងការចូលរួមចំណែកដ៏ថ្លៃថ្លាជួយដោះស្រាយទុក្ខលំបាក និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ក៏ដូចជាដើម្បីកិច្ចអភិវឌ្ឍ និងវឌ្ឍនភាពសង្គម កាន់តែរឹងមាំខ្លាំងក្លាជាបន្តបន្ទាប់ ជាពិសេសគឺការផ្តល់ចំណេះដឹងបន្ថែមដល់និស្សិតនាពេលនេះ ។
ក្នុងឱកាសនោះដែរលោកស្រី ពុំ ចន្ទីនី ក៏បានថ្លែងសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកបដោយក្តីស្និទ្ធស្នាលរាក់ទាក់ ផ្តល់ព័ត៌មានដ៏មានសារៈសំខាន់មួយចំនួនជុំវិញសកម្មភាពរបស់ក្រុមការងារ ក្នុងការជំរុញការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង អំពីភាពជាអ្នកដឹកនាំសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ដល់ស្រទាប់យុវជន ជាពិសេសយុវជននៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យ ។
ពីលើវេទិកាលោកស្រីបានអំពាវនាវចំពោះប្រជាពលរដ្ឋកម្ពុជា ចាប់ពីបុគ្គលម្នាក់ៗឡើងទៅ ត្រូវចូលរួមផ្សព្វផ្សាយសារអប់រំសុខភាព ជាពិសេសបុគ្គលខ្លួនផ្ទាល់ ដើម្បីសហគមន៍មានសុខភាពល្អ និងចូលរួមរក្សាការពារបរិស្ថានរាប់ពីការទុកដាក់សំរាម, ការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក, ការរក្សាបរិស្ថានបៃតង ដោយការដាំដើមឈើ ទោះតិច ក្តីច្រើនក្តី។
ក្នុងពិធីអប់រំផ្សព្វផ្សាយនៅក្នុងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនេះដែរ មានបទបង្ហាញជាក់លាក់មួយស្តីពី ពីការលើកកម្ពស់ការយល់ដឹងអំពី ភាពជាអ្នកដឹកនាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ដែលមានលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយករងនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យជំងឺឆ្លង និងមិនឆ្លង និងជាលេខាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជាអ្នកបច្ចេកទេសបកស្រាយ និងដាក់ចេញនូវសំណួរពាក់ព័ន្ធ សំដៅបង្កើនចំណេះស្តីពីភាពជាអ្នកដឹកនាំ, អំពីសុខភាព អំពីជំងឺអេដស៍ ក៏ដូចជាចំណេះដឹងអំពីការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ៕