(ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយលោក Sujiro Seam បានដាក់ឲ្យដំណើរការរួមគ្នា នូវកម្មវិធីឧត្តមសិក្សាកញ្ចប់ការតភ្ជាប់ ដោយចីរភាពអាស៊ាន-សហភាពអឺរ៉ុប (SCOPE-HE)។
ដោយមានការឧបត្ថម្ភពីសហភាពអឺរ៉ុប ជាមួយនឹងទឹកប្រាក់ប្រមាណ ៩.៣ លានអឺរ៉ូ កម្មវិធីនេះមានរយៈពេល៤ឆ្នាំ ហើយត្រូវបានអនុវត្តដោយអង្គការសម្រាប់ការអប់រំអន្តរជាតិ Nuffic របស់ហូឡង់ និងសេវាផ្លាស់ប្តូរសិក្សាធិការរបស់អាល្លឺម៉ង់ DAAD។
នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បណ្ឌិត កៅ គឹមហួន បានបន្ដអញ្ជើញផ្តល់សន្ទរកថាបើក ក្នុងកិច្ចសន្ទនាប្រចាំឆ្នាំលើកទី ១៦ រវាងអគ្គលេខាធិការអាស៊ាន ជាមួយសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននៅក្នុងអាស៊ាន (FJCCIA)។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឲ្យមានកិច្ចសហការកាន់តែទូលំទូលាយ នៅក្នុងចំណោមក្រុមហ៊ុននានាក្នុងអាស៊ាន និងជប៉ុន សំដៅបង្កើតធុរកិច្ច និងការវិនិយោគកាន់តែច្រើន ព្រមទាំង ជំរុញទិដ្ឋភាពឌីជីថល ការសម្រេចបាននូវអព្យាក្រឹតកាបូន ក៏ដូចជា ពង្រឹងការតភ្ជាប់ច្រវ៉ាក់ផ្គត់ផ្គង់។
បន្ទាប់ពីកិច្ចសន្ទនាប្រចាំឆ្នាំនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ ក៏មានការធ្វើសន្និសីទសារព័ត៌មានផងដែរ៕