(កំពង់ធំ)៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងអប់រំចិត្តសាស្ត្រ ជូនដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ប្រចាំឆ្នាំ២០២៤។ ពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងបានរាយការណ៍អំពីស្ថានភាពរួមនៃការបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងអប់រំចិត្តសាស្ត្រប្រចាំឆ្នាំ២០២៤ តាមកម្មវិធី និងផែនការហ្វឹកហ្វឺន ដែលថ្នាក់លើបានកំណត់ ហើយការហ្វឹកហ្វឺនរៀនសូត្រនៅពេលនេះមានរយៈពេល៩១ថ្ងៃ ដោយមានសិក្ខាកាមត្រូវចូលរួមហ្វឹកហាត់ចំនួន៨០នាក់ និងគណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ ព្រមទាំងអ្នក បម្រើការចំនួន១០នាក់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ សូមប្រកាសគាំទ្រយ៉ាងពេញទំហុង និងជាថ្មីម្តងទៀត នូវគម្រោង ស្ថាបនាព្រែកជីកប្រវត្តិសាស្ត្រហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឲ្យទទួលបានជោគជ័យដើម្បីសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា។
ឧត្ដមសេនីយ៍ទោ សុក រីនណា បានកោតសរសើរមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ដែលថ្នាក់លើ បានប្រគល់ជូនឲ្យទទួលបានជោគជ័យ និងបានផ្តាំផ្ញើដល់យោធាចារ្យ និងសិក្ខាកាមទាំងអស់ដែលបានចូលរួមហ្វឹកហ្វឺនរៀនសូត្រនៅពេលនេះត្រូវយកចិត្តទុកដាក់បង្រៀន រៀនសូត្រតាមកម្មវិធី និងខ្លឹមសារមេរៀន ដែលបានគ្រោងទុក។ ជាមួយគ្នានេះ ត្រូវគោរពវិន័យសាលា ក្នុងពេលរៀនសូត្រ ព្រមទាំងមានការសាមគ្គីភាពល្អ រវាងគ្នានឹងគ្នា រវាងសិក្ខាកាម និងយោធាចារ្យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកបន្តថា នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងរៀនសូត្រ អប់រំចិត្តសាស្ត្រប្រចាំឆ្នាំ២០២៤ ឧត្ដមសេនីយ៍ឯក ពៅ ហេង បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។ ដោយឡែកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំបានឧត្ថម្ភអង្ករចំនួន៥០០គីឡូក្រាម មីជាតិចំនួន ១០កេស ត្រីខ កំប៉ុងចំនួន ២០យួរ និងទឹកត្រីទឹកស៊ីអ៊ីវចំនួន១០យួរ សម្រាប់ផ្គត់ផ្គង់ដល់រោងបាយ សម្រាប់ហូបចុកប្រចាំថ្ងៃរបស់សិក្ខាកាមផងដែរ។
លោកនាយចំណង់ ឈួន រ៉ុម តំណាងឲ្យសិក្ខាកាមទាំងអស់ បានឡើងប្តេជ្ញាចិត្ត គោរពអនុវត្តន៍តាមបទបញ្ជា និងការណែថ្នាក់ដឹកនាំ ដែលបានប្រគល់ និងប្តេជ្ញាចិត្តគោរពអនុវត្តន៍តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា ព្រមទាំងខិតខំរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងតាមមេរៀន ដែលគ្រូយោធាចារ្យបានបង្ហាត់បង្រៀន ដើម្បីបម្រើជាតិ ប្រជាជន និងអង្គភាព ឲ្យទទួលបានលទ្ធផលល្អនៅពេលបញ្ចប់វគ្គ និងត្រៀមខ្លួនជានិច្ចអនុវត្តន៍តាមបទបញ្ជា ជាកងកម្លាំងអន្តរាគមន៏ ក្នុងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្ត ដើម្បីដោះស្រាយសភាពការណ៍ផ្សេងៗដែលកើតមានឡើងជាយថាហេតុ ពិសេសកិច្ចសហប្រតិការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ៕